បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថានាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលពហុជាតិអាល្លឺម៉ង់ RWE លោក Markus Krebber បានព្រមាន ថាការបោះបង់ការពឹងផ្អែកខ្ពស់លើការផ្គត់ផ្គង់ឧស្ម័ន ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីក្នុងប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប វានឹងធ្វើអោយមាន “ផលវិបាកយ៉ាងធ្ងន់ធ្ងរ”។
លោក Markus Krebberបាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ RWE នៅ Essen កាលពីថ្ងៃអង្គារថា “ការបញ្ឈប់ភ្លាមៗនឹងមានផលវិបាកដែលមិនបានមើលឃើញទុកជាមុនសម្រាប់ការផ្គត់ផ្គង់ថាមពលសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ” ។
លោកបានបន្ថែមថា ការផ្អាកការផ្គត់ផ្គង់ថាមពលយូរជាងនេះពីប្រទេសរុស្ស៊ីក៏អាចបង្កការខូចខាតយូរអង្វែងដល់កន្លែងផលិត និងសហគ្រាសធុនតូច និងមធ្យមផងដែរ៕