កងកម្លាំង​រុ​ស្ស៊ី​បន្តដំណើរ​ទៅ​មុខ «​គ្រប់​ទិស​ដៅ​» ខណៈ​ក្រុង​កៀវ​បដិសេធ​មិន​ធ្វើការ​ចរចា

0

ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា កងកម្លាំង​រុ​ស្ស៊ី​ត្រូវ​បាន​បញ្ជា​ឱ្យ​បន្តដំណើរ​ឆ្ពោះទៅ​អ៊ុយ​ក្រែ​ន​ឡើង​វិញ “​គ្រប់​ទិស​ដៅ​” បន្ទាប់​ពី​ទីក្រុង​គៀវ​បាន​បដិសេធ​មិន​ធ្វើ​កិច្ចចរចា​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក Igor Konashenkov បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​ខ្លី​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា អង្គភាព​ទាំងអស់​ត្រូវ​បាន​បញ្ជា​ឱ្យ​បង្កើន​ការ​វាយលុក​មួយ​ស្រប​តាម​ផែនការ​ប្រតិបត្តិការ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov ថា​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទី​ន កាលពី​ថ្ងៃ​សុក្រ បាន​បញ្ជា​ឱ្យ​បញ្ឈប់​ប្រតិបត្តិការ​យោធា ក្រោម​ការ​រំពឹង​ទុក​នៃ​ការ​ចរចារ​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ុយ​ក្រែ​ន​។

ភាគី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ក្រុង​គៀវ​បាន​បដិសេធ​មិន​ចរចា​ជាមួយ​រុ​ស្ស៊ី ដោយសារ​លក្ខខណ្ឌ​ដែល​បាន​ស្នើ​ឡើង​គឺ “​មិន​អាច​ទទួលយក​បាន​” និង​ជា “​ការ​ប៉ុនប៉ង​បង្ខំ​ឱ្យ​ប្រទេស​នេះ​ចុះចាញ់​”​។

យោង​តាម​ប្រភព​ខាងលើ​បាន​និយាយ​ថា ប្រទេស​រុ​ស្ស៊ី​គ្រោង​នឹង​ឡោម​ព័ទ្ធ និង​រារាំង​ទីក្រុង​គៀវ ដើម្បី “​គ្មាន​យោធា​” អ៊ុយ​ក្រែ​ន និង​បង្ខំ​ឱ្យ​ថ្នាក់ដឹកនាំ​អ៊ុយ​ក្រែ​ន​ផ្លាស់​ប្តូរ​ផ្លូវ​នយោបាយ​របស់​ខ្លួន​៕

ប្រភព​៖ Xinhua