ពូ​ទី​ន បញ្ជា​អោយ​ពង្រាយ​កងទ័ព នៅ​តំបន់​បំបែក​ខ្លួន​ចំនួន​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន

0

បរទេស​៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​កងទ័ព​ទៅ​កាន់​តំបន់​បំបែក​ខ្លួន​ចំនួន​ពីរ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​ទទួលស្គាល់​ថា​ពួក​គេ​ទទួល​បាន​ឯករាជ្យ​កាលពី​ថ្ងៃ​ចន្ទ ដោយ​បង្កើន​វិបត្តិ​បន្ថែម​ទៀត​ដែល​ប្រទេស​លោក​ខាងលិច​បារម្ភ​ថា អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ដ៏​ធំ​មួយ​។

សាក្សី​អ្នក​យក​សារព័ត៌មាន​រ៉​យ​ទ័​រ​ម្នាក់​បានឃើញ​រថក្រោះ និង​គ្រឿង​បរិក្ខា​យោធា​ផ្សេង​ទៀត​កំពុង​ចល័ត​ឆ្លងកាត់​ទីក្រុង Donetsk ដែល​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន បន្ទាប់​ពី​លោក Putin បាន​ចេញ​សេចក្តីសម្រេច​ទទួលស្គាល់​តំបន់​បំបែក​ខ្លួន ហើយ​បាន​ប្រាប់​ក្រសួងការពារជាតិ​រុ​ស្ស៊ី​ឱ្យ​បញ្ជូន​កងកម្លាំង​ដើម្បី “​រក្សា​សន្តិភាព​”​។

វិធានការ​នេះ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ថ្កោលទោស និង​ប្តេជ្ញា​ដាក់​ទណ្ឌកម្ម​ថ្មី ទោះបីជា​មិន​ច្បាស់​ថា​តើ វិធានការ​នេះ​ជា​ជំហាន​ដ៏​សំខាន់​ដំបូង​របស់​លោក Putin ឆ្ពោះទៅ​រក​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏​ដោយ ដែល​រដ្ឋាភិបាល​ប្រទេស​លោក​ខាងលិច​បាន​ព្រមាន​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា ការ​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​បំបែក​ខ្លួន​ដែល​គ្រប់គ្រង​រួច​ហើយដោយ​ក្រុម​បំបែក​ខ្លួន​ដែល​ស្មោះត្រង់​នឹង​ទីក្រុង​ម៉ូ​ស្គូ​មិន​ទាន់​បង្កើត​ជា “​ការ​ឈ្លានពាន​បន្ថែម​ទៀត​” ដែល​នឹង​បង្ក​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​នោះ​ទេ ប៉ុន្តែ​យុទ្ធនាការ​យោធា​កាន់តែ​ទូលំទូលាយ​អាច​កើតឡើង​នៅ​គ្រប់ពេល​បាន​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ