ក្រសួងកសិកម្មរបស់ប្រទេសថៃ កំពុងជំរុញដល់កសិករទូទាំងប្រទេស ឲ្យដាំដុះស្មៅប្រមាត់មនុស្ស ដែលជាឱសថបុរាណ អាចជួយដល់ការព្យាបាលអ្នកជំងឺកូវីដ-១៩។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍លោកស្រី Mananya Thaiset បាននិយាយថា ក្រសួងនឹងជំរុញការផ្សព្វផ្សាយអំពីស្មៅប្រមាត់មនុស្ស ដល់សហករណ៍កសិកម្មនៅទូទាំងប្រទេស។
រឿងនេះបានកើតឡើង បន្ទាប់ពីការស្រាវជ្រាវថ្មីៗបានបង្ហាញថា រុក្ខជាតិនេះ មានផ្ទុកបរិមាណ Andrographolide ខ្ពស់ ហើយ មានប្រសិទ្ធភាពអាចជួយដល់ការព្យាបាលជំងឺកូវីដ-១៩។
គម្រោងដែលនឹងដំណើរការចាប់ពីខែសីហាដល់ខែធ្នូនេះ នឹងមានការដាំដុះស្មៅប្រមាត់មនុស្ស លើផ្ទៃដីប្រមាណ១៦ ហិកតា ដែលគ្រប់គ្រងដោយសហករណ៍កសិកម្មចំនួន ៥។
ស្មៅប្រមាត់មនុស្សទាំងនោះ នឹងផ្គត់ផ្គង់ដោយនាយកដ្ឋានឱសថបុរាណ និងឱសថថៃ (DTAM)។
នៅឆ្នាំក្រោយ គម្រោងនេះនឹងត្រូវពង្រីកនៅលើផ្ទៃដី ៦៤ហិកតា ដែលកាន់កាប់ដោយសហករណ៍ចំនួន២០៕