Daily Mail៖ សាកសពជនរងគ្រោះដោយសារជំងឺកូវីដ-១៩រាប់រយនាក់ នៅតែបន្តអណ្តែតពាសពេញទន្លេគង្គា ក្នុងប្រទេសឥណ្ឌា ខណៈប្រទេសនេះ កំពុងតស៊ូជាមួយចំនួនអ្នកស្លាប់ ក្នុងកម្រិតកំណត់ត្រាខ្ពស់។
ប្រជាពលរដ្ឋមកពីទីប្រជុំជននានា នៅតាមដងទន្លេប្រវែង ២,៥២៥គីឡូម៉ែត្រមួយនេះ និយាយថា សាកសពថ្មីៗរាប់សិបនាក់ បានអណ្តែតជារៀងរាល់ថ្ងៃហើយអះអាងថា ព្រឹត្តិការណ៍បែបនេះគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការឆ្ងាយណាស់។
ប្រទេសឥណ្ឌា បាននិងកំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩ រលកទី២ ដ៏ធ្ងន់ធ្ងរ អស់រយៈពេលមួយខែមកហើយ ហើយថ្វីបើចំនួនករណី ឆ្លងចាប់ផ្តើមថយចុះក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងប្រឈមនឹង ករណីស្លាប់ក្នុងកម្រិតកំណត់ត្រាជាបន្តបន្ទាប់។
ឥឡូវនេះ ប្រជាពលរដ្ឋនៅរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេត្រូវបង្ខំចិត្តដើរកាត់តាម សាកសពដើម្បីទៅមុជទឹកទន្លេ រីឯសត្វឆ្កែ និងបក្សីបានស៊ីសាកសពធ្វើជាអាហារ។
ទិដ្ឋភាពដ៏សែនអាក្រក់នៅទន្លេគង្គា បានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលសាកសពចំនួន៧១នាក់ បានអណ្តែតមកទើរលើច្រាំងក្នុងភូមិ Chausa។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៦,១០០ករណី ដែលនាំឲ្យករណីសរុបកើនដល់ ២៥,៧៧២,៤៤០ករណី ខណៈអ្នកស្លាប់សរុបកើនដល់ ២៨៧,១២២នាក់៕








