រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមេគោមួយក្បាលបានចំណាយពេល៧ម៉ោង ដើម្បីកើតកូនដ៏ចម្លែកមួយ ដែលមានក្បាល២ មាត់២ ភ្នែក៤ និងត្រចៀក២។ ហេតុការដ៏កម្ររនេះបានកើតកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅក្នុងភូមិមួយក្នុងស្រុក Dejiang ខេត្ត Guizhou ភាគអាគ្នេយ៍ប្រទេសចិន។

កូនគោដ៏ចម្លែកនេះបានធ្វើឲ្យអ្នកស្រុកក្នុងតំបន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយស្រ្តីដែលជាម្ចាស់បានឲ្យដឹងថា វាមិនអាចក្រោកឈរដោយខ្លួនឯងបាននោះទេ ប៉ុន្តែវាអាចបៅទឹកដោះបានតាមរយៈមាត់ទាំង២របស់វា។ ស្រីរូបនោះបាននិយាយថា គាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបានឃើញសភាពរបស់កូនគោនោះ ហើយគាត់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Pear Video ថា «ខ្ញុំមានអាយុជាង ៧០ឆ្នាំហើយ ខ្ញុំមិនដែលបានឃើញសត្វគោបែបនេះនោះទេ ហើយឥឡូវនេះខ្ញុំបានឃើញវាផ្ទាល់ភ្នែក ទើបខ្ញុំដឹងថាវាពិតជាមានមែន»។

អ្នកជំនាញបាននិយាយថា គោក្បាល២ មានបំពង់កដូចគ្នា ហើយអាចដុះស្នែង៤ផងដែរ។ លោកបានអះអាងថា កូនគោនោះនឹងមានសុខភាពល្អ ហើយសង្ឃឹមថាវានឹងអាចបន្តលូតលាស់បានល្អផងដែរ។ វាត្រូវបានគេជឿជាក់ថា កូនគោក្បាល២នេះ អាចបណ្តាលមកពីបម្រែបម្រួលហ្សែន ខណៈពេលដែលវានៅក្នុងស្បូនរបស់មេវា៕
ប្រភព៖ Daily Star
