នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុន Microsoft បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធី ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ពួកគេ ដែលគេឱ្យឈ្មោះថា Windows 11។
សម្រាប់កម្មវិធីថ្មីនេះក្រុមហ៊ុន បានធ្វើការកែសម្រួលកម្មវិធី និងមុខងារមួយចំនួន ដើម្បីប្រកួតប្រជែងជាមួយ នឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS របស់ក្រុមហ៊ុន Apple។
ជាឧទាហរណ៍ក្រុមហ៊ុនបានរៀបចំ ប្លង់រចនាដែលស្រដៀងគ្នាទៅនឹង macOS ហើយបានបន្ថែមមុខងារ Snap Groups ដែលអាចឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូល កម្មវិធីមួយចំនួនជាក្រុមនៅលើ taskbar។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានសហការជាមួយនឹងក្រុមហ៊ុន Amazon ដែលអាចឱ្យអ្នកប្រើប្រាស់ទាញយក កម្មវិធីជាច្រើនតាមរយៈក្រុមហ៊ុន Amazon។
ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះ គឺក្រុមហ៊ុនបានធ្វើការកែសម្រួល ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រើ កម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅលើកុំព្យូទ័រដែលមាន ប្រព័ន្ធប្រតិបត្តិការថ្មីនេះបាន។ ភាពជោគជ័យនេះក៏ដោយសារតែបច្ចេកវិទ្យា Intel Bridge អាចធ្វើការផ្លាស់ប្ដូរការកំណត់ផ្សេងៗ សម្រាប់កុំព្យូទ័រដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់បញ្ចូលកម្មវិធីជំនួយដទៃទៀត ដែលនេះគឺវាស្រដៀងគ្នាទៅនឹង បច្ចេកវិទ្យាដែលមាននៅក្នុងបន្ទះឈីប M1 របស់ក្រុមហ៊ុន Apple។
គួរបញ្ជាក់ដែរថា ទោះបីជាបច្ចេកវិទ្យា Intel Bridge ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Intel ក្ដីប៉ុន្តែវាក៏អាចដំណើរការជាមួយនឹង បន្ទះឈីបដែលផលិតដោយក្រុមហ៊ុន AMD ផងដែរ ៕