ចុមមានរឿងចឹងកើតឡើងទៀត! ទិន្នន័យអតិថិជនរាប់លាននាក់ មកពីក្រុមហ៊ុនផលិតឡាន Audi និង Volkswagen កំពុងត្រូវបានដាក់លក់

0

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព បច្ចេកវិទ្យាបានរកឃើញថា ទិន្នន័យរបស់អតិថិជនរាប់លាននាក់ មកពីក្រុមហ៊ុនផលិតឡាន Audi និង Volkswagen ត្រូវបានពួកក្រុមអ្នកវាយប្រហារ កំពុងតែដាក់លក់នៅក្នុងវេទិកា ដ៏ពេញនិយមមួយរបស់ពួកគេ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Volkswagen បានផ្សព្វផ្សាយពីការលួចទាញ យកទិន្នន័យចំនួនប្រមាណ ៣.៣លាននាក់ ពីក្រុមហ៊ុនដៃគូមួយរបស់ពួកគេ។ ទិន្នន័យដែលក្រុមជនអនាមិក បានលួចយកនោះ ភាគច្រើនមានដូចជា អ៊ីមែល លេខសំគាល់រថយន្ត ឈ្មោះ លេខប័ណ្ណបើកបរអាសយដ្ឋាន និងលេខទូរសព្ទរបស់អតិថិជន។ ប៉ុន្តែចំពោះអតិថិជនចំនួន ៩ម៉ឺននាក់ ព័ត៌មានសំខាន់ៗរបស់ពួកគេមានដូចជា លេខអត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានទាក់ទងនឹងការទិញ ឬជួលរថយន្តក៏អាចត្រូវបានទាញយកផងដែរ។

ក្រុមអ្នកវាយប្រហារដែលអះអាងថា ពួកគេមានគ្នា ២ នាក់ និងបានដាក់លក់ទិន្នន័យទាំងអស់នេះក្នុងតម្លៃពី ៤០០០ ទៅ ៥០០០ ដុល្លារ។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារនេះគឺមានការប៉ះពាល់ សម្រាប់តែអតិថិជននៅសហរដ្ឋអាមេរិក និងកាណាដាតែប៉ុណ្ណោះ ហើយបច្ចុប្បន្នក្រុមហ៊ុនបានធ្វើការ ទំនាក់ទំនងទៅអតិថិជនទាំងនោះ ដើម្បីឱ្យមានការប្រុងប្រយ័ត្ន ព្រោះជនខិលខូចអាចប្រើទិន្នន័យទាំងនេះ ដើម្បីធ្វើការបោកបញ្ឆោតផ្សេងៗ៕