សូមប្រុងប្រយ័ត្នជាមួយនឹង ភាពចន្លោះប្រហោងរបស់មុខងារ Facebook Messenger Rooms

0
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវផ្នែក សុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញពី ភាពចន្លោះប្រហោងរបស់មុខងារ Messenger Rooms ដែលអាចឱ្យជនខិលខូចចូល ទៅមើលរូបភាពនៅក្នុងទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បើទោះបីជាវាមានប្រើប្រព័ន្ធ សុវត្ថិភាពការពារដូចជាលេខសម្ងាត់ ឬប្រព័ន្ធជីវមាត្រក៏ដោយ ប្រសិនបើពួកគេកំពុងតែកាន់កាប់ទូរសព្ទនេះ។
ដើម្បីអាចចូលទៅក្នុង ទូរសព្ទរបស់ជនរងគ្រោះបាន ជាដំបូងជនខិលខូចត្រូវធ្វើការ ជូនដំណឹងឱ្យចូលរួមកម្មវិធី Messenger Rooms។ ប៉ុន្តែនៅពេលដែលពួកគេទទួលបាន ការតេចូលហើយនោះ ពួកគេអាចចុចនៅលើប៊ូតុងផ្ញើសារ ដែលអាចឱ្យពួកគេចូលទៅមើលរូបភាព និងវីដេអូទាំងអស់ដែលមាននៅក្នុងទូរសព្ទ។
បើទោះបីជាការជ្រៀតចូលនេះ អាចពិបាកនឹងកើតឡើងដោយសារតែ វាតម្រូវឱ្យជនខិលខូចកាន់កាប់ ទូរសព្ទរបស់លោកអ្នកក្ដី ប៉ុន្តែប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ពួកគេអាចប្រើវិធីនេះដើម្បីចូលទៅមើលរូបភាពឬវីដេអូដែលមាន នៅក្នុងទូរសព្ទរបស់លោកអ្នកបាន។ ដូច្នេះដើម្បីសុវត្ថិភាពក្នុង ការប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Messenger ឱ្យបានឆាប់រហ័ស ៕