នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ការទិញលក់ភាគហ៊ុន និងរូបិយប័ណ្ណឌីជីថល គឺកាន់តែមានភាពពេញនិយមនៅក្នុងប្រទេស មួយចំនួនក្នុងតំបន់អាស៊ី ដែលនេះបានធ្វើឱ្យជនខិលខូចឆ្លៀត ឱកាសបង្កើតកម្មវិធីក្លែងក្លាយដើម្បីលួចយកឈ្មោះសម្រាប់ ចូលទៅក្នុងគណនី និងលេខសម្ងាត់របស់អ្នកប្រើប្រាស់។
ជាឧទាហរណ៍ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ សន្តិសុខបច្ចេកវិទ្យាបានរកឃើញ កម្មវិធីមេរោគជាច្រើនសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែលក្លែងបន្លំជាកម្មវិធីរបស់ក្រុមហ៊ុន ទិញលក់ភាគហ៊ុនធំៗមានដូចជា Barclays, Gemini, Bitwala, Kraken, Binance, BitcoinHK, Bittrex, BitFlyer, និង TDBank។ កម្មវិធីក្លែងក្លាយទាំងនោះត្រូវបានបង្កើតឡើង ដើម្បីលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ ទាំងឡាយណាដែលបានទាញយកកម្មវិធីនោះដោយមិនមានការប្រុងប្រយ័ត្ន។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីមេរោគទាំងនេះភាគច្រើន ត្រូវបានផ្សព្វផ្សាយនៅក្នុង គេហទំព័រស្វែងរកគូស្នេហ៍ ឬផ្ញើសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ដោយលួងលោម បោកបញ្ឆោតជនរងគ្រោះថា ការទិញលក់ភាគហ៊ុន ឬរូបិយប័ណ្ណឌីជីថលជាមួយកម្មវិធី របស់ពួកគេគឺមានកម្រៃសេវាកម្មទាប ឬក៏មិនមានយកកម្រៃសេវាកម្មថែមទៀតផង។
ពេលខ្លះទៀតក្រុមជនខិលខូចបានបង្កើត គេហទំព័រក្លែងក្លាយដែលមើល ទៅដូចគេហទំព័ររបស់ក្រុមហ៊ុនពិតប្រាកដ ដែលអាចឱ្យជនរងគ្រោះទាញយក កម្មវិធីក្លែងក្លាយប្រសិនបើពួកគេប្រើទូរសព្ទប្រភេទ Android ឬ Web Clips ប្រសិនបើពួកគេប្រើទូរសព្ទប្រភេទ iPhone នោះ។
ដោយសារតែជនខិលខូចតែងតែ រិះរកល្បិចកលថ្មីដើម្បីធ្វើការបោកបញ្ឆោត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ជាមួយនឹងការផ្សព្វផ្សាយណា ដែលផ្ដល់សេវាកម្មប៉ុន្តែមិនយកកម្រៃសេវាកម្ម ឬសន្យាថានឹងអាចរកប្រាក់ចំណូលបានច្រើនហើយងាយៗ។
ម្យ៉ាងវិញទៀតសូមលោកអ្នកទាញ យកតែកម្មវិធីដែលមាននៅក្នុង Play Store ឬ App Store ដើម្បីជួយកាត់បន្ថយការទាញយកកម្មវិធី ដែលមានបង្កប់មកជាមួយមេរោគនោះ ៕