នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ សន្តិសុខបច្ចេកវិទ្យាបានផ្សព្វផ្សាយ ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ជាមួយនឹងកម្មវិធីមេរោគប្រភេទថ្មី សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលអាចលួចយកទិន្នន័យសំខាន់ៗ ហើយកំពុងត្រូវបានចែកចាយ នៅក្នុងប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប។
កម្មវិធីមេរោគថ្មីនេះមានឈ្មោះថា TeaBot ហើយត្រូវបានពួកគេរកឃើញ កាលពីខែមករាកន្លងទៅ។ កាលពីដើមខែឧសភា កម្មវិធីមេរោគនេះក៏ត្រូវបាន ចែកចាយសម្រាប់លួចយកទិន្នន័យ ដើម្បីជ្រៀតចូលទៅក្នុងគណនីធានាគារ មួយចំនួននៅក្នុងប្រទេសបែលហ្សុិក និង ហូឡង់។
បើតាមក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា មេរោគនេះគឺបង្កើតឡើងដើម្បី លួចយកព័ត៌មានសំខាន់ៗមានដូចជា លេខគណនី លេខសម្ងាត់ និងសារ SMS ដើម្បីអាចឱ្យពួកជនខិលខូចចូល ទៅក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់បាន។ ក្រៅពីទាញយកព័ត៌មានរបស់អ្នកប្រើប្រាស់ កម្មវិធីនេះក៏អាចទាញយកទិន្នន័យពី keyboard និងថតរូបភាពស្គ្រីនបានទៀតផង។
កម្មវិធីមេរោគនេះអាចចូល ទៅក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់ បានដោយបន្លំធ្វើជាកម្មវិធី ដែលមានមុខងារចាំបាច់មានដូចជា TeaTV, VLC Media Player, DHL និង UPS។ ដោយមើលឃើញពីគ្រោះថ្នាក់ ក្នុងការទាញយកកម្មវិធីដែល មិនមានប្រភពច្បាស់លាស់នេះហើយ បានជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែណែនាំអ្នកប្រើប្រាស់ទាំងអស់ ចៀសវាងធ្វើការទាញយកកម្មវិធី មកប្រើប្រាស់ដែលមិនមាននៅក្នុង Play Store ឬ App Store ព្រោះយើងមិនអាចបញ្ជាក់បានថាតើ កម្មវិធីទាំងនោះជាកម្មវិធីពិតប្រាកដ និងមិនមានបង្កប់មកជាមួយមេរោគ malware បានទេ៕