តើលោកអ្នកដឹងទេថា ថ្ងៃទី៦ ឧសភា គឺជាថ្ងៃលេខសម្ងាត់ពិភពលោក?

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីអាចប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាលោកអ្នកតែងតែ ត្រូវការបញ្ចូលលេខសម្ងាត់ ដើម្បីអាចចូលទៅប្រើ ឧបករណ៍ឬគណនីទាំងនោះ។ ការប្រើលេខសម្ងាត់មានសារៈសំខាន់ណាស់ ដើម្បីបញ្ជាក់អត្តសញ្ញាណ ដែលសូម្បីតែមនុស្សជំនាន់មុនក៏បានប្រើវិធីនេះ ដើម្បីបញ្ជាក់អត្តសញ្ញាណមុននឹងអនុញ្ញាត ឱ្យជនណាម្នាក់ចូលទៅក្នុងផ្ទះរបស់ពួកគេ។

នាពេលបច្ចុប្បន្នការប្រើលេខសម្ងាត់ ដែលពិបាកនឹងស្មានគឺវា មានសារៈសំខាន់ណាស់ដើម្បីការពារគណនី ឬដើម្បីចៀសវាងការចូលលួច ទាញយកទិន្នន័យរបស់លោកអ្នក។ ដើម្បីឱ្យអ្នកប្រើប្រាស់មាន ការប្រុងប្រយ័ត្នជាមួយនឹង ការប្រើប្រាស់លេខសម្ងាត់នោះ បានជាក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Intel បានកំណត់យកថ្ងៃព្រហស្បតិ៍ដំបូងគេ ក្នុងខែឧសភាគឺជាថ្ងៃ លេខសម្ងាត់សម្រាប់ពិភពលោក។

ដូច្នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋសារជាថ្មី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។

ខាងក្រោមនេះគឺជា វិធីសាស្ត្រដែលធ្វើឱ្យ លេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក៖

១- លេខសម្ងាត់ត្រូវមានយ៉ាងតិច ១០ខ្ទង់ (at least 10 digits)
២- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញា លាយគ្នា
ex: p@$$GOand$ — “Pass Go and $”
៣- កុំប្រើព័ត៌មានផ្ទាល់ខ្លួនមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរសព្ទ ជាលេខសម្ងាត់ ជាដើម
៤- សម្រាប់អ្នកមានគណនីច្រើន សូមជៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា
៥- ប្រសិនបើលោកអ្នកឱ្យហាងទូរសព្ទ បង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត
៦- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរសព្ទ
៧-សូមកុំចុចលើតំណរភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អុីមែល ឬសារ ដោយពុំបានស្នើសុំ ៕