នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសដាក់ឱ្យប្រើប្រាស់ AirTag ដែលជាឧបករណ៍សម្រាប់ស្វែងរក វត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើន បានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើ ឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។
ដើម្បីចៀសវាងកុំឱ្យជនខិលខូចប្រើឧបករណ៍ AirTag ដើម្បីតាមដានជនណាម្នាក់នោះក្រុមហ៊ុន Apple បានបង្កប់ជាមួយនឹងមុខងារមួយចំនួនមានដូចជា ការបញ្ចេញសំឡេងនៅពេលដែលឧបករណ៍ AirTag មិននៅជិតជាមួយនឹងទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេល ៣ថ្ងៃ ឬប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone វិញនោះ លោកអ្នកនឹងទទួលបានស្រ្គីនក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក។
ប៉ុន្តែទោះបីជាក្រុមហ៊ុន Apple មានការប្រុងប្រយ័ត្នជាងក្រុមហ៊ុនដទៃទៀត ទាក់ទងនឹងការការពារកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេះសម្រាប់ការតាមដាននោះក្ដី ក៏ជនខិលខូចអាចប្រើឧបករណ៍នេះ សម្រាប់ធ្វើការតាមដានបានយ៉ាងងាយស្រួលផងដែរ។
ជាឧទាហរណ៍ ឧបករណ៍ AirTag នឹងបញ្ចេញសំឡេងបន្ទាប់ពីរយៈពេលបីថ្ងៃ ដែលវាមិននៅជិតទូរសព្ទដែលត្រូវបានកំណត់ ដូច្នេះជនខិលខូចអាចតាមដាន លោកអ្នកបានដល់ទៅ ៣ថ្ងៃមុននឹងលោកអ្នកមានការចាប់អារម្មណ៍នោះ។ ជាងនេះទៅទៀត ប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ឧបករណ៍នេះនឹងមិនបញ្ចេញសំឡេងអ្វីទាំងអស់ ដោយសារតែជនខិលខូច មានឱកាសច្រើនដើម្បីឱ្យទូរសព្ទ របស់គេអាចនៅជិតឧបករណ៍នេះបាន៕