Facebook ប្រើវិធីថ្មីដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការតាមដាន របស់ពួកគេ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក Ashkan Soltani ដែលជាអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា បានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter នូវរូបភាព screenshot របស់ក្រុមហ៊ុនហ្វេសប៊ុកដែលមានប្រើពាក្យពេចន៍ “help keep Facebook free of charge” ដើម្បីជម្រុញឱ្យអ្នកប្រើប្រាស់ឯកភាព ក្នុងការតាមដានរបស់ពួកគេ។

ជាមួយកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 14.5 សម្រាប់ទូរសព្ទ iPhone ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលទាមទារ ឱ្យអ្នកអភិវឌ្ឍកម្មវិធីក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹង ការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត។

ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើ លោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធី តាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំកុំ ឱ្យមានការតាមដានពីក្រុមហ៊ុន “Ask App not to Track”។ ប្រសិនបើលោកអ្នកជ្រើសរើសយក មិនឱ្យមានការតាមដានពីកម្មវិធីនោះ ក្រុមហ៊ុន Apple នឹងបិទមិនឱ្យអ្នកអភិវឌ្ឍកម្មវិធី អាចទាញយកលេខសំគាល់ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម (Identifier for Advertisers ឬ IDFA) បាន។ ហើយប្រសិនបើពួកគេនៅតែ ព្យាយាមតាមដានអ្នកប្រើប្រាស់ កម្មវិធីរបស់ពួកគេអាចនឹងត្រូវលុបចេញពី App Store របស់ក្រុមហ៊ុន Apple ទៀតផង។

គួរបញ្ជាក់ផងដែរថា នៅពេលដែលលោកអ្នកបិទ មិនឱ្យមានការតាមដាន “Ask App not to Track” ក្រុមហ៊ុនហ្វេសប៊ុកនៅតែអាចបន្ត តាមដានលោកអ្នកនៅពេលដែល លោកអ្នកប្រើកម្មវិធីនេះ ប៉ុន្តែពួកគេមិនអាចចែកចាយ ឬទាញយកទិន្នន័យពីកម្មវិធី ផ្សេងៗទៀតតែប៉ុណ្ណោះ។ ដើម្បីការពារទិន្នន័យឯកជនភាព និងចៀសវាងការតាមដានរបស់ក្រុមហ៊ុននោះ លោកអ្នកគួរតែបិទ មិនឱ្យមានការតាមដាន “Ask App not to Track” នៅពេលដែល លោកអ្នកទទួលបានស្រ្គីនក្រើនរំឭកនេះ ៕