ប្រយ័ត្ន! ភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit សម្រាប់ Android អាចឱ្យជនអនាមិកលួច ទាញយកទិន្នន័យបាន

0

នាយដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី SHAREit គឺជាកម្មវិធីដ៏ពេញនិយមមួយ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ ជាមួយប្រព័ន្ធប្រតិបត្តិការ Android ដើម្បីចែករំលែកឯកសារផ្សេងៗ ពីទូរសព្ទមួយទៅទូរសព្ទមួយទៀត។ មកដល់ពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានទាញយកជាង មួយពាន់លានដង ហើយត្រូវបានទទួលចំណាប់ថ្នាក់ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធី ដែលត្រូវបានទាញយកច្រើនបំផុតនៅក្នុង Play Store កាលពីឆ្នាំ២០១៩។

ប៉ុន្តែកាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Trend Micro បានបង្ហាញពីភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit ដែលអាចឱ្យជនអនាមិកជ្រៀតចូល ទៅក្នុងទូរសព្ទទរបស់អ្នកប្រើប្រាស់បាន។ លោក Echo Duan ដែលជាអ្នកស្រាវជ្រាវផ្នែក សន្តិសុខបច្ចេកវិទ្យាបានឱ្យដឹងថា ក្រុមជនខិលខូចអាចប្រើប្រាស់ កម្មវិធីដែលមានមេរោគតាមរយៈកម្មវិធី SHAREit ដើម្បីធ្វើការទាញយកទិន្នន័យ ហើយជាងនេះទៅទៀតពួកគេ ក៏អាចប្រើទូរសព្ទពីចម្ងាយបានទៀតផង។

បច្ចុប្បន្នក្រុមហ៊ុនកម្មវិធី SHAREit ពុំទាន់បានធ្វើការកែសម្រួល ទាក់ទងនឹងបញ្ហានេះទេ ទោះបីជាក្រុមហ៊ុនសន្តិសុខ Trend Micro បានជូនដំណឹងឱ្យក្រុមហ៊ុនអស់រយៈពេល ៣ខែកន្លងមកហើយនោះក្ដី ដូច្នេះក្រុមហ៊ុនសន្តិសុខបានធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យអ្នកប្រើប្រាស់មានការ ប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធី SHAREit គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី៥៩របស់ក្រុមហ៊ុនចិនដែលប្រទេសឥណ្ឌាបានបិទដំបូងគេកាលពីឆ្នាំកន្លងទៅ៕