នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអ៊ីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ជាបន្ទាន់ព្រោះក្រុមហ៊ុន បានរក្សាទុកលេខសម្ងាត់ទាំងនោះ ដោយមិនបានប្រើប្រព័ន្ធអ៊ីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី២១ ខែធ្នូដល់ថ្ងៃទី២១ ខែមករាកន្លងទៅនេះ។
ដើម្បីឆ្លើយតបពីការព្រួយបារម្ភ របស់អ្នកប្រើប្រាស់នោះក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនពុំទាន់បានឃើញការជ្រៀត ចូលប្រើប្រាស់ណាមួយក្នុងរយៈពេលថ្មីៗនេះទេ ហើយសូមអ្នកប្រើប្រាស់កុំមាន ការព្រួយបារម្ភនៅពេលដែលកម្មវិធីស្នើសុំ ឱ្យពួកគេបញ្ចូលលេខសម្ងាត់ថ្មីនោះ។
ជាងនេះទៅទៀតក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា បញ្ហានេះគឺវាមានការប៉ះពាល់ទៅលើ អ្នកប្រើប្រាស់ដែលបានវាយបញ្ចូលអ៊ីមែល និងលេខសម្ងាត់ ក្នុងរយៈពេលមួយខែនោះតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកបានប្រើប្រព័ន្ធ Single-sign-on (SSO) ដែលមិនតម្រូវឱ្យលោកអ្នកវាយបញ្ចូល លេខសម្ងាត់រាល់ពេលចូលប្រើកម្មវិធីនោះ លោកអ្នកនឹងមិនចាំបាច់ ធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទេ។
សម្រាប់លោកអ្នកដែលពុំដែលប្រើកម្មវិធី Slack នោះវាគឺជាកម្មវិធីសម្រាប់អ្នកធ្វើពាណិជ្ជកម្ម ដើម្បីសម្រួលក្នុងការទំនាក់ទំនង និងសហការគ្នាក្នុងការគ្រប់គ្រង កិច្ចការប្រចាំថ្ងៃ ឬគម្រោងណាមួយឱ្យកាន់តែ មានភាពងាយស្រួល ៕