ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះ ក្លិបបាល់ទាត់វិសាខា នៅតែបន្តអំពាវនាវស្នើសុំឲ្យសមត្ថកិច្ចធ្វើការស្វែងរកជនបង្ក ដែលបានបុកទៅលើខ្សែបម្រើ ទៀត គឹមហេង របួសធ្ងន់ចូលសង្គ្រោះបន្ទាន់ ខណៈដែលមិត្តស្រីកីឡាកររូបនេះបានបាត់បង់ជីវិតទៅហើយ។
ក្លិបវិសាខាបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា «ជូនពរកីឡាករ ទៀត គីមហេង ឆាប់ជាសះស្បើយ
គ្រួសារកីឡាបាល់ទាត់វិសាខា ពិតជាមានការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលបង្កដោយរថយន្ដទំនើប មិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកក្នុងល្បឿនលឿន ហើយបុកម៉ូតូម៉ាក PCX ដែលជិះគ្នា ២នាក់ ដោយកីឡាករ ទៀត គឹមហេង (រងរបួសធ្ងន់) និងមិត្តស្រី (បណ្ដាឲ្យស្លាប់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ) ។
បន្ទាប់ពីកើតហេតុ ទៀត គឹមហេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលមកទល់ពេលនេះ ក្រុមគ្រូពេទ្យ កំពុងតាមដានស្ថានភាពគេនៅឡើយ ។ វេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រោយធ្វើការស្កេនជំហានដំបូង គឹមហេង មានដុំឈាមតូចមួយ នៅចន្លោះលលាដ៍ និងខួរក្បាល ដែលត្រូវធ្វើការតាមដាន ៤៨ម៉ោង ប្រសិនបើឈាមនោះ មិនរីកទេ មានន័យថា ស្ថានភាពល្អប្រសើរ មិនចាំបាច់ព្យាបាលតាមការវះកាត់ឡើយ តែបើឈាមកកនោះ រីកធំឡើងក្រុមគ្រូពេទ្យ នឹងពិនិត្យលើស្ថានភាពជាក់ស្ដែង ហើយភាគរយច្រើនអាចប្រើវិធីព្យាបាលដោយវះកាត់ ។ ពាក់ព័ន្ធស្មារតីវិញ គឺមានស្ថានភាពធម្មតា គ្រាន់តែប៉ះទង្គិចបញ្ហាផ្លូវចិត្ត ដោយសារការបាត់បង់មនុស្សជាទីស្រលាញ់ ។ យើងទាំងអស់គ្នា សូមផ្ដល់កម្លាំងចិត្ត និងជូនពរ គឹមហេង ឆាប់ជាសះស្បើយឆាប់ៗ ។
ក្នុងឱកាសនេះដែរ តាងនាមគ្រួសារបាល់ទាត់វិសាខា សូមអំពាវនាវឲ្យសមត្ថកិច្ច ជួយស្វែងរកអត្តសញ្ញាណរថយន្ដ និងជនបង្ក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ បន្ថែមលើនេះ ក្លិបកីឡាបាល់ទាត់ វិសាខា ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារមិត្តស្រីរបស់កីឡាករ ទៀត គឹមហេង ដែលបានបាត់បង់កូនជាទីស្រលាញ់ស្មើជីវិតផងដែរ ៕