ខ្សែបម្រើ Casemiro របស់ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាបានចុះកុងត្រាថ្មីនៅឯក្លិបរហូតដល់ឆ្នាំ ២០២៣ដោយកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជាច្រើនខែមកហើយ។
កីឡាករសញ្ជាតិប្រេស៊ីលនេះ បានបង្ហាញខ្លួនលេងយ៉ាងទៀតទាត់ សម្រាប់ក្រុមដំបូងអស់ពេលជាច្រើនឆ្នាំ ហើយរដូវកាលនេះ បានបង្ហាញខ្លួនលេង ចំនួន ៣៥ប្រកួត ក្រោមការដឹកនាំ លេងរបស់លោក Zinedine Zidane ។
យោងតាមគេហទំព័រ MARCA បានចុះផ្សាយថា ក្លិបបានរក្សាទុកកីឡាករនេះ ៣ឆ្នាំទៀត ជាមួយក្លិប ដោយមិនបានបើកបង្ហាញកុងត្រា ជាសាធារណៈក៏ដោយនោះ។
Casemiro បានចូលរួមលេងជាមួយអធិរាជស ក្នុងឆ្នាំ ២០១៣ ហើយត្រូវបានខ្ចីជើងទៅលេងនៅ Porto ក្នុងរដូវកាល 2014-2015 ពេលដែល Zidane មកកាន់កាប់តំណែង កីឡាករ នេះ បានបង្ហាញវត្តមានកើនឡើងជាលំដាប់។
កីឡាករអាយុ ២៨ឆ្នាំ ជាកីឡាករដ៏មានប្រជាប្រិយភាព ដោយជួយឲ្យក្លិបឈ្នះពានយូហ្វាឆេមពានលី ពីឆ្នាំ 2016-2018 និង ពាន La Liga នៅឆ្នាំ ២០១៧ ផងដែរ។
ជាមួយគ្នានេះដែរ កាលពីរដូវក្តៅមុនមានសេចក្តីរាយការណ៍មកថាក្រុមជើងឯកលីគកំពូលបារាំង PSG បានចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Casemiro ។ប៉ុន្តែកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយមិនបានកើតឡើងជាផ្លែផ្កា ៕