គេជឿជាក់ថាសេចក្តីសម្រេចចិត្តចុងក្រោយមួយរបស់ក្លឹបមេឃខៀវ Man City ថាតើនឹងអាចអស់សិទ្ធក្នុងការបង្ហាញខ្លួននៅ Champion League រដូវកាលក្រោយឬយ៉ាងណា នឹងត្រូវរងចាំមើលលទ្ធផលនៅក្នុងខែមិថុនានេះ។
តុលាការនៃទីក្រុង Lausanne បានប្រកាសការស្តាប់លទ្ធផលដែលនឹងធ្វើឡើងរយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមឡើង ពីថ្ងៃទី៨ ខែមិថុនាខាងមុខនេះ។ Man City ត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំប្រាក់រាប់លាន ជាមួយនឹងក្រុមហ៊ុនដែលជាម្ចាស់ក្លឹប មានមូលដ្ឋាននៅទីក្រុង Abu Dhabi ដែលខ្លួនបានហៅវាថា ជាប្រាក់ចំណូលឧបត្ថម្ភស្របច្បាប់ និងមានទាំងការពិន័យជាប្រាក់ ២៥លានផោនបន្ថែមលើបម្រាមនេះផងដែរ។ រហូតមកដល់ពេលនេះ Man City មិនដែលបានទទួលស្គាល់ការចោទប្រកាន់នេះឡើយ ហើយតែងតែបានច្រានចោល ការចោទប្រកាន់នេះជានិច្ច។
គួរបញ្ជាក់ថាបើលទ្ធផលក្លាយជាការពិតដែល Man City នឹងត្រូវអវត្តមានរយៈពេល២រដូវកាលជាប់គ្នាសម្រាប់ Champion League មានន័យថាក្លឹបដែលស្ថិតនៅលេខរៀងទី៥របស់ Premier Leauge នឹងទទួលបានសិទ្ធនេះជំនួស ដែលក្នុងនោះគេមើលឃើញថាបច្ចុប្បន្នគឺជា Man United៕
ប្រែសម្រួល៖Lee