មានតែកីឡាករកម្ពុជា ២រូប ប៉ុណ្ណោះធ្លាប់ឈ្នះស្បែកជើងមាសក្នុងលីគនា ១០ឆ្នាំចុងក្រោយនេះ

0

ពានរង្វាន់បាល់ទាត់លំដាប់ទី១ របស់កម្ពុជាដែលហៅថា  Metfone Cambodian League បានបង្កើតឡើងតាំងពីឆ្នាំ១៩៨២មកម្លេះ ត្រូវបានទទួលស្គាលដោយ AFC ស្របពេលរដូវកាល២០២០នេះ មានក្លិបចូលរួមចំនួន ១៣ បើនិយាយអំពីកីឡាករកម្ពុជាឈ្នះស្បែកជើងមាសគឺមានតែ ២រូបប៉ុណ្ណោះ ខណៈក្រៅពីនោះសុទ្ធកីឡាករបរទេស។

ខ្សែប្រយុទ្ធកម្ពុជាដែលធ្លាប់ឈ្នះស្បែកជើងមាសក្នុងពានរង្វាន់លំដាប់កំពូលកម្ពុជានេះរួមមាន ឃួន ឡាបូរ៉ាវី កាលពីឆ្នាំ២០១៣ លេងឱ្យក្លិបស្វាយរៀង (ព្រះខ័នរាជស្វាយរៀង) ក្នុងបានទាត់បំប៉ោងសំណាញ់ទីបាន ២០គ្រាប់ នឹងជួយក្រុមលើកពាននាឆ្នាំនោះផងដែរបន្ទាប់ពីរូបគេស៊ុតមួយគ្រាប់លើក្រុម ចំការកៅស៊ូបឹងកេត(បឹងកេត) ក្នុងវគ្គផ្តាច់ព្រ័ត្រ (ក្រុមឈរកំពូលតារាងទាំង៤ ប្រកួតគ្នាដើម្បីលើកពាន, លេខ១ ប៉ះលេខ៤ ខណៈលេខ២ ប៉ះលេខ៣)។

ចំណែក ចាន់ វឌ្ឍនាកា ក៏ជាកីឡាករក្នុងស្រុកធ្លាប់ឈ្នះស្បែកជើងមាសក្នុងលីគផងដែរ ពោលធ្លាប់ឈ្នះដល់ទៅ ២ដង ជាប់ៗគ្នា នាឆ្នាំ២០១៥ រកបាន ៣៧ គ្រាប់ ស្របពេលឆ្នាំ២០១៦ រកបាន ២២ គ្រាប់ ដែលគ្រានោះជួយក្រុមឈ្នះជើងឯកផងដែរ (គិតពិន្ទុ)។

ដូច្នេះហើយពានរង្វាន់កំរិតកំពូលកម្ពុជា មានតែកីឡាករកម្ពុជា ២រូបនេះប៉ុណ្ណោះដែលធ្លាប់ឈ្នះស្បែកជើងមាស គិតត្រឹមឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ស្របពេលដែលរដូវកាល២០២០ នេះកីឡាករបរទេស TIMOTHY របស់ក្លិប ភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយមាន ៧ គ្រាប់ ខណៈលីគដំណើរការបាន ៥ សប្តាហ៍មុនពន្យាពេល៕