សាយ ពិសិទ្ឋ៖ ការហ្វឹកហាត់គ្មានប្រកួតគឺធុញខ្លាំងណាស់

0

ភ្នំពេញ៖ ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន សម្រាកមិនមានកំណត់ពេលវេលា ខណៈក្លិបមួយចំនួននៅតែបន្តការហ្វឹកហាត់ដល់កីឡាករដើម្បីថែរាងកាយ ក៏ដូចជាសមត្ថភាព ស្របពេលដែល សាយ ពិសិទ្ឋ ថាធុញខ្លាំងពេលហាត់តែគ្មានប្រកួត។

ខ្សែការពាររបស់ក្លិបនគរបាលជាតិបាននិយាយថា៖ “ពេលដែលហ្វឹកហាត់រៀងរាល់ថ្ងៃ ដោយគ្មានការប្រកួតប្រជែង ខ្ញុំពិតជាមានអារម្មណ៍ថា ធុញ។ ខ្ញុំនឹកការប្រកួត… ខ្ញុំសង្ឃឹមថាស្ថានភាពនេះបញ្ចប់ នឹងវិលទៅដូចដើមវិញឆាប់ៗនេះ។” នេះមិនមែនជាការរអូរទាំក្នុងការហ្វឹកហាត់ឡើយ គឺជាការនឹករលឹកដល់ការប្រកួតលើវាលស្មៅរបស់កីឡាករ មិនថាតែ ពិសិទ្ឋ នោះទេ សូម្បីអ្នកគាំទ្រក៏ចង់មើលការប្រកួតក្នុងលីគកំពូលកម្ពុជាដែរ ដោយសាររដូវកាលថ្មី២០២០ នេះ មានការប្រកួតប្រជែងខ្លាំង។

គួរបញ្ជាក់ផងដែរថា ក្រុមនគរបាលជាតិ ធ្លាប់ឆ្លងកាត់ការប្រកួត ៤ លើក ក្នុងនោះចាញ់ទាំងអស់ ដោយកំពុងតែស្ថិតនៅបាតតារាង នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២០៕