The Sunsport នៅថ្ងៃនេះបានសរសេរថាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបនិងជម្រើសជាតិអង់គ្លេសកីឡាករ Raheem Sterling ត្រូវបានគេជឿជាក់ថានឹងអាចត្រឡប់ពីការសម្រាកព្យាបាលរបួសវិញបានហើយនិងថែមទាំងអាចមានវត្តមានក្នុងការប្រកួតដ៏សំខាន់មួយនាយប់ថ្ងៃពុធក្នុងក្របខណ្ឌ Champion League ប៉ះនឹងក្រុម Real Madrid ផងដែរ។
គួររំលឹកដែរថាជាមួយនឹងការនិយាយប្រាប់ទៅកាន់ក្រុមអ្នកកាសែតអេស្បាញកាលពីសប្តាហ៍មុនកីឡាករអង់គ្លេសមាឌតូចរូបនេះបានសារភាពថាការពិចារណាក្នុងការផ្ទេរទៅលេងជាមួយនឹងក្លឹប Real Madrid គឺជារឿងដ៏អស្ចារ្យមួយដែលគួរតែធ្វើនៅពេលណាមួយពេលថ្ងៃមុខ។
វ័យទើបតែ២៥ឆ្នាំប៉ុន្តែកីឡាកររូបនេះបានធ្វើឲ្យពិភពបាល់ទាត់កោតស្ញប់ស្ញែងចំពោះសមត្ថភាពរបស់គេជាពិសេសក្នុងពេលលេងក្រោមការដឹកនាំរបស់លោក Pep Guardiola ប៉ុន្មានរដូវកាលចុងក្រោយនេះហើយបច្ចុប្បន្នកំពុងទាក់ចិត្តក្លឹប Real Madrid ខ្លាំងមែនទែនដោយមានទាំងព័ត៌មានថាក្លឹបហ៊ានចំណាយដល់ទៅ១៨០លានផោនដើម្បីទិញ Sterling។
ស្របពេលដែល Man City នឹងត្រូវរងបម្រាមមិនឲ្យមានវត្តមានក្នុងការប្រកួតប្រជែងពានរង្វាន់ Champion League ដល់ទៅ២រដូវកាលជាប់គ្នាផងនោះ Sterling ជឿជាក់ថាគឺពិតជាបានសម្រេចចិត្តរួចរាល់ហើយចំពោះអនាគតហើយការប្រកួតយប់ថ្ងៃពុធនេះទំនងជាការប្រកួតចុងក្រោយមួយរបស់ខ្លួនក្នុងការបង្ហាញវត្តមានជូនMan Cityក៏ថាបាន៕
ប្រែសម្រួល៖Lee