កីឡាករ Martin Braithwaite បានបញ្ចប់ការផ្ទេរទៅ Barcelona បន្ទាប់ពីក្លឹបផ្ទេរក្នុងតំលៃផ្តាច់កុងត្រា15.06 លានផោនពី Leganes ។

Braithwaite ទទួលបានកិច្ចសន្យាដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤ ខណៈដែលតំលៃខ្លួនផ្តាច់កុងត្រាថ្មីរបស់កីឡាកររូបនេះកើនរហូតដល់ 251លានផោន ។
បន្ទាប់ពីការខិតខំប្រឹងប្រែងមិនបានជោគជ័យអស់រយៈពេលជាច្រើនសប្តាហ៍ទីបំផុត Barcelona ផ្ទេរបានខ្សែប្រយុទ្ធថ្មីដើម្បីជំនួស Luis Suarez និង Ousmane Dembele ដែលកំពុងព្យាបាលរបួសក៏ដូចជាការចាកចេញរបស់ Carles Perez កាលពីខែមករា Barcelona បានច្រានចោលនៃការនាំយកខ្សែប្រយុទ្ធថ្មីប៉ុន្តែការរងរបួសរបស់ Dembele បានបង្ខំអោយ Barcelona ត្រូវការនាំចូលខ្សែប្រយុទ្ធជាចាំបាច់។

LaLiga បានផ្តល់ការអនុញ្ញាតឱ្យក្លឹបចុះហត្ថលេខាកីឡាករថ្មីជំនួសកីឡាករ Dembele ក្រៅទីផ្សាដោះដូរកីឡាករ 15ថ្ងៃ បើទោះជាទីផ្សាដោះដូរដូវរងារត្រូវបានបញ្ចប់ ដោយក្លឹបត្រូវបញ្ជាក់អោយច្បាស់ត្រឹមត្រូវថា Dembele នឹងត្រូវអវត្តមាន 6 ខែយ៉ាងពិតប្រាកដ ។


កីឡាករ Martin Braithwaite វ័យ ២៨ ឆ្នាំ ជនជាតិដាណាម៉ាក លេងបាន ២៧ ប្រកួតបូករួមទាំង LaLiga និង Copa del Rey សម្រាប់ Leganes នៅរដូវកាលនេះដោយរកបានគ្រាប់បាល់សរុប ៨ គ្រាប់ ធ្លាប់ជាកីឡាកររបស់ក្លឹប Esbjerg(ដាណាម៉ាក), Toulouse(បារាំង), Middlesbrough(អង់គ្លេស), ខ្ចីជើងទៅកាន់ Bordeaux(បារាំង) និងមកកាន់ Leganes ដោយលេងបានសរុប 349 ប្រកួតរកបាន 85គ្រាប់សម្រាប់ក្លឹបអាជីប ៕