ភ្នំពេញ៖ ក្លិបបាល់ទាត់ វិសាខា បានបង្ហាញសមាជិកថ្មី ២រូប ដែលសុទ្ធតែជាកីឡាករបរទេស ដើម្បីត្រៀមប្រកួតប្រជែងជើងឯកលីគកំពូលកម្ពុជា នារដូវកាល២០២០ ខាងមុខនេះ។
កីឡាករអាហ្គានីស្ថាន Mustafa Zazai ដែលជាអតីតសមាជិកនៅក្លិប ភ្នំពេញក្រោន កាលពីរដូវកាលមុន នឹងខ្សែការពាររបស់ក្រសួតការពារជាតិ Mohammed Khan ត្រូវបានក្លិប វិសាខា បង្ហោះប្រកាសជាកីឡាករថ្មីរបស់ខ្លួន។ Zazai ធ្លាប់មានបទពិសោធន៍ច្រើននៅតំបន់អឺរ៉ុប ដោយកីឡាករវ័យ ២៦ឆ្នាំ រូបនេះធ្លាប់បានហ្វឹកហាត់នៅយុវជនជាមួយក្លិប Hamburger SV, SC Concordia Hamburg, VfB Lübeck នឹងធ្លាប់ប្រឡូកនៅក្លិបនាប្រទេសថៃផងដែរ ហើយឆ្នាំ២០១៩ បានចូលរួមជាមួយ ភ្នំពេញក្រោន បង្ហាញខ្លួនបាន ១២លើក ស៊ុតចូលទីបាន ៧គ្រាប់ ស្របពេលដែល Mohammed Khan បានបង្ហាញខ្លួនយ៉ាងល្អនារដូវកាលមុនជាមួយក្រុម ក្រសួងការពារជាតិ។
គួរំលឹកដែរថា ក្រុមដែលទើបបង្កើតនាឆ្នាំ២០១៦នេះ បាននាំចូលកីឡាករជាច្រើនទាំងបរទេសនឹងកីឡាករខ្មែរ ខណៈរដូវកាលមុនគឺជាជើងឯករងផងដែរ ពោលគឺ ២៦ប្រកួត ឈ្នះ ១៨ ស្មើ ៤ នឹងចាញ់ ៤ ប្រកួត៕