ភ្នំពេញ៖ អ្នកចាំទីចាស់វស្សា ហែម ស៊ីម៉ៃ បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករជាមួយក្លិបអង្គរថាយហ្គឺរ នឹងបានបង្ហើបប្រាប់ពីមូលហេតុដែលខ្លួនសម្រេចចិត្តបែបនេះផងដែរ។
បុរសដៃស្អិតវ័យ ៣២ឆ្នាំ រូបនេះបានបង្ហោះជាសាធារណៈថា៖ ”ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះដែលខ្ញុំលេងឲ្យអង្គរថាយហ្គឺរ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅបំផុត។ ដោយសារថ្នាក់ដឹកនាំក្លិបជាពិសេសលោក Akihiro Kato ដែលបានព្យាយាម ស្វះស្វែងជ្រើសយកកីឡាករដែលមានឆន្ទៈនឹងទឹកចិត្តមកលេងជាមួយក្រុមហើយតែងផ្តលើកំលាំងចិត្តទៅដល់កីឡាករនឹងតែងធ្វើគ្រប់យ៉ាងដើម្បីទាក់់ទាញអ្នកគាំទ្រឲ្យមកចូលរួមទស្សនាការប្រកួត។ នេះហើយគឺជាកម្លាំចិត្តដ៏ធំដែលធ្វើឲ្យខ្ញុំប្រឹងប្រែងលេងបាល់ដោយផ្តោតតែលើជ័យជំនះ។”
“មូលហេតុដែលខ្ញុំសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ ទីមួយគឺខ្ញុំធ្លាប់សន្យានឹងខ្លួនឯងថា បើខ្ញុំបញ្ចប់តួនាទីជាអ្នកចាំទីនៅអង្គរថាយហ្គឺរ គឺខ្ញុំនឹងចូលនិវត្តន៍តែម្តង ដោយសារហេតុផលថាខ្ញុំមិនចង់ទៅលេងឲ្យក្រុមណាផ្សេងឡើយ ហើយទីពីរគឺខ្ញុំចង់ត្រលប់ទៅជួបជុំគ្រួសារខ្ញុំវិញ។”
“គោលបំណងរបស់ខ្ញុំនៅថ្ងៃអនាគតចំពោះវិស័យបាល់ទាត់នេះ គឺខ្ញុំចង់ក្លាយជាគ្រូបង្វឹកអ្នកចាំទីមួយរូបនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមើលឃើញថាបច្ចុប្បន្ននេះកម្ពុជាយើងកំពុងតែខ្វះខាតធនធានគ្រូបង្វឹកអ្នកចាំទី។ ហេតុដូច្នេះហើយទើបខ្ញុំសម្រេចចិត្តថាបន្ទាប់ពីព្យួរស្រោមដៃហើយ គឺខ្ញុំចង់ធ្វើការពាក់ព័ន្ធនឹងបាល់ទាត់បន្តទៅទៀត ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទីមួយរូប។”
“ជាចុងក្រោយខ្ញុំសូមជូនពរឲ្យក្លិបបាល់ទាត់អង្គរថាយហ្គឺរទទួលបានជោគជ័យនៅគ្រប់ការប្រកួតខាងមុខ។”
សូមបញ្ជាក់ថា ស៊ីម៉ៃ ធ្លាប់ប្រឡូកក្នុងវិស័យបាល់ទាត់នេះចាប់តាំងពីឆ្នាំ២០០៤ មកម្លេះដោយកាលនោះ ជាអ្នកចាំទីរបស់ក្រុម Build Bright United រហូតដល់ឆ្នាំ២០១២, ក្នុងឆ្នាំ២០១៣ ចូលរួមជាមួយ គិរីវង់សុខសែនជ័យ, ឆ្នាំ២០១៣ មហាវិទ្យាល័យ អាស៊ីអឺរ៉ុប(អាស៊ីអឺរ៉ុប យូណាយធីត) នឹងឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អង្គរថាយហ្គឺរ (ពីមុនខេមបូឌាថាយហ្គឺរ) ហើយក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាដែរកាលពីឆ្នាំ២០០៨ នឹងបានបង្ហាញខ្លួន ២លើក ផងដែរ៕
អត្ថបទ៖ មៃ ចាន់បុត្រ