បន្ទាប់ពីលេចរូបថត ទេស សម្បត្តិ និងកីឡាករ កាន់ ពិសាល ឈរពីក្រោយឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសបើកការដ្ឋានសាងសង់កីឡដ្ឋាននៅខេត្តកំពង់ស្ពឺ ហើយមានពាក្យចរចាមអារាមថារូបគេ បានផ្លាស់ទៅកាន់ក្លឹបណាហ្គាវើលដ៍ នារដូវកាលថ្មី។
ស្រាប់តែពេលនេះ ទេស សម្បត្តិ បានឆ្លើយតបតាមបណ្តាញសង្គមនៅពេលក្រុមការងារ OBN Asia បានសាកសួរ ៖ “អត់ទេបង! ខ្ញុំគ្រាន់តែទៅចូលរួមកម្មវិធីបើកការដ្ឋានហ្នឹង។ ឥឡូវនេះ ខ្ញុំនៅតែជាកីឡាករបឹងកេតដដែលទេ ព្រោះខ្ញុំនៅមានកិច្ចសន្យាតទៅមុខទៀត។ បច្ចុប្បន្នខ្ញុំកំពុងតែផ្ដោតលើការជួយបឹងកេតឲ្យបានកាន់តែល្អនៅរដូវកាលក្រោយ”។
ខ្សែការពាររបស់បឹងកេតរូបនេះក៏ជាផ្នែកមួយជួយ U22 កម្ពុជា ទទួលបានលេខ៤ នាព្រឹត្តិការណ៍ស៊ីហ្គេម២០១៩ នៅហ្វីលីពីនផងដែរ។ ដោយសារតែគេគ្រាន់តែចូលរួមពិធីបើកការដ្ឋានដែលធ្វើឡើងនៅទឹកដីកំណើតរបស់ខ្លួនប៉ុណ្ណោះ ហើយបច្ចុប្បន្នគេនៅតែជាសមាជិកបឹងកេតដដែលទេ។
គួរបញ្ជាក់ដែរថា ទេស សម្បត្តិ បានផ្លាស់មកចូលរួមជាមួយបឹងកេត កាលពីដើមរដូវកាល ២០១៩ និងរួមចំណែកសំខាន់ឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខណៈដែលរូបគេបានចាកចេញពីក្រុម សាលាបាល់ទាត់ជាតិបាទី ដោយសារផុតអាយុ (លើស១៨ឆ្នាំ)៕
អត្ថបទដោយ៖ មៃ ចាន់បុត្រ


