អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា អ៊ុំ វិចិត្រ បានចាកចេញពីក្លិបក្រសួងការពារជាតិ ហៅកាត់ទ័ព ទៅចូលរួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន នារដូវកាល ២០២០ ខាងមុខនេះ។
សម្រាប់ការចាកចេញរបស់អ្នកចាំទីវ័យ ២៦ឆ្នាំរូបនេះ គឺជាកីឡាករទី៦ ហើយរបស់ក្រសួងការពារជាតិ ដែលបានទៅរួមរស់ជាមួយក្លិបផ្សេង។ អ្នកចាំទីដែលពោរពេញដោយទេពកោសល្យនេះ គឺជាកីឡាករទី១ របស់ក្លិបភ្នំពេញក្រោន ដែលបាននាំចូលនាព្រឹត្តិការណ៍ដោះដូរកីឡាករបានបើក។ ភ្នំពេញក្រោន ក៏បានបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Dzarma Bata ផងដែរ ដូច្នេះរង់ចាំមើលថាកីឡាករទី២ ដែលក្រុមជើងឯក៦សម័យកាលនេះនាំចូលអាចជាកីឡាករបរទេស ឬយ៉ាងណា?
សូមបញ្ជាក់ថា អ៊ុំ វិចិត្រ បានជួយក្រសួងការពារជាតិឈ្នះជើងឯកពានរង្វាន់សម្តេចហ៊ុនសែន ២លើក ក្នុងឆ្នាំ២០១៦ នឹងឆ្នាំ២០១៨ ហើយក៏ជួយទ័ពក្លាយជាជើងឯករង ២រដូវកាលដែរពោលគឺឆ្នាំ២០១៦ នឹង២០១៧៕
អត្ថបទដោយ៖ មៃ ចាន់បុត្រ