អ្នកចាត់ការទូទៅក្លិបហង្សក្រហម liverpool លោក Jurgen Klopp បានបង្ហើបថា គាត់ប្រហែលនឹងប្រើ Virgil van Dijk សម្រាប់ការលេងជាមួយតោខៀវ ទោះបីជាខ្សែការពារនេះលេងក្នុងស្ថានភាពរបួសឈឺចាប់ក៏ដោយនោះ។
ខ្សែការពារ Virgil van Dijk អាយុ ២៧ ឆ្នាំបានខកខានការលេងជាមួយតោខៀវដណ្តើមពាន EFL Cup ដែលជាហេតុបណ្តាលឲ្យបរាជ័យ ក៏ព្រោះតែកីឡាករខ្សែការពាររូបនេះមានបញ្ហារបួសឆ្អឹងខ្នង អំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ កន្លងទៅ។
ការធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃសៅរ៍នេះ សម្រាប់អ្នកចាត់ការទូទៅ លោក Jurgen Klopp មិនទាន់បានសម្រេច ចិត្តនៅឡើយថា គួរតែដាក់កីឡាករ សញ្ជាតិហុល្លង់រូបនេះចូល ដើម្បីរក្សាការចាប់ផ្តើមទម្រង់លេងដ៏ល្អឥតខ្ចោះ នារដូវកាលលីគកំពូលនេះ ឬយ៉ាងណា ? ប៉ុន្តែគ្រូបង្វឹកអាល្លឺម៉ង់រូបនេះ ហាក់សុទិដ្ឋិនិយមចំពោះឱកាសរបស់ Van Dijk ក្នុងការចូលលេង។
Jurgen Klopp បានប្រាប់កាសែតអង់គ្លេសថា ខ្ញុំនឹងសម្រេចចិត្តថាតើគួរលេងឬអត់ ប្រសិនបើកីឡាករនិយាយនៅក្រៅថាគ្មានឱកាស លោកនឹងសម្រេចចិត្តភ្លាមៗ ប៉ុន្តែស្ថានភាពនេះវាខុសគ្នា ។ លោកបានបន្តថា Virgil van Dijk បានត្រៀមខ្លួនរួចរាល់ហើយ ដោយខ្ញុំដឹងថារបួស នោះវាមិនយូរអង្វែងនោះទេ ដោយវាមិនមែនជាការបាក់ ឬឈឺចាប់រហូតដល់ទាល់ច្រកនោះទេ។
លោកបានបន្តថា ប្រសិនបើមុនការប្រកួតអ្នកមិនឈឺចាប់ នោះអ្នកនឹងមានឱកាសប្រកួតមុនគេហើយ នោះជាអ្វីដែលយើងឃើញក្នុងបាល់ទាត់។
គួរបញ្ជាក់ផងដែរថា ហង្សក្រហមបច្ចុប្បន្នមាន ១៨ ពិន្ទុ ស្ថិតនៅកំពូលតារាង ដោយតោខៀវ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ស្មើពិន្ទុ ជាមួយ Man City ១៦ ពិន្ទុ ក្នុងចំណោម ៦ ប្រកួតកន្លងមក៕