ភ្នំពេញ៖ ក្នុងចំណោម ៣៨ប្រកួត ដែលប្រកួតឲ្យក្រុមជម្រើសជាតិកម្ពុជា អាចនិយាយថានេះជាលើកទី១ ហើយដែល តារាបាល់ទាត់ឆ្នើមរបស់កម្ពុជា លោក ចាន់ វឌ្ឍនាកា មិនស្ថិតក្នុងបញ្ជីប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែល កីឡាករសំខាន់ ៣រូបទៀតមិនបានលេង ។
គ្រូបង្វឹកថ្មី លោក Felix Agustin Gonzalez Dalmas ដែលត្រូវបានគេដឹងថាជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់ Keisuke Honda នោះ បានទៅមើលសមត្ថភាពកីឡាករកាលពីចុងសប្ដាហ៍មុន ហើយលទ្ធផលសម្រាប់កីឡាករដែលលេងជាមួយ ម៉ាឡេស៊ី បានចេញជាផ្លូវការហើយនោះ ។
លទ្ធផលចេញមកគឺ ចាន់ វឌ្ឍនាកា រស់ សំអឿន ច្រឹង ពលរដ្ឋ និង អ៊ំ សេរីរ័ត្ន មិនជាប់ទម្រង់លេងរបស់គ្រូបង្វឹកថ្មី Felix ដែលជាជំនួយការដឹកនាំ របស់ កៃសិកិ ហុងដា នោះឡើយ ។
ចាន់ វឌ្ឍនាកា ធ្លាក់ពីជម្រើសជាតិដំបូងនេះ ត្រូវបានគេយល់ឃើញថា ទម្រង់លេងរបស់កីឡាកររូបនេះ កាន់តែថមថយ ខណៈដែលខ្លួនវ័យទើបតែ ២៤ឆ្នាំសោះ ឬក៏មិនចូលរួមហ្វឹកហាត់ឲ្យដិតដល់ ។
ទោះបីជាយ៉ាងណា ត្រូវបានគេលើកមួយជ្រុងទៀតថា អាចគ្រូបង្វឹកថ្មី រូបនេះ ផ្តលឱកាសឲ្យកីឡាករថ្មី ដើម្បីជួសតំណែងដ៏សំខាន់នេះ ដើម្បីកុំឲ្យកីឡាករមានជំងឺតួឯកនិយម។
ចាន់ វឌ្ឍនា បានលេចឭថា នឹងចូលរួមលេងឲ្យក្លិបធំមួយនៅថៃ នៅដើមរដូវកាលក្រោយ ក្នុងលក្ខណៈខ្ចីជើង ។ ដោយឡែក ច្រឹង ពលរដ្ឋ ដែលអាកខានលេងក្នុងស្រុក និងចេញទៅរួមរស់ជាមួយក្លិបអាជីពថៃ អាចជាដើមហេតុគ្រូបង្វឹករូបនេះ មើលមិនឃើញពីសមត្ថភាពលេង ទើបមិនជាប់ក្នុងបញ្ជី ៕