បន្ទាប់ពីចំណាយពេល ២២ឆ្នាំជាមួយនៅ Old Trafford ខ្សែបម្រើរូបនេះត្រូវបានលក់ទៅឱ្យ Napoli ក្នុងតម្លៃផ្ទេរ ២៥.៤លានផោន និងបានរីករាយជាមួយរដូវកាលដំបូងនៅក្នុងប្រទេសអ៊ីតាលី ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៤ដង ហើយសង្ឃឹមថានឹងលើកពាន Serie A។
ស្របពេលជាមួយគ្នានេះ United នៅតែបន្តការតស៊ូយ៉ាងពិបាក ខណៈដែលពួកគេធ្លាក់ដល់ចំណាត់ថ្នាក់ទី១៣ នៃក្របខណ្ឌ Premier League ហើយនឹងមិនអាចទទួលបានសិទ្ធិសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ លុះត្រាតែពួកគេឈ្នះពានរង្វាន់ Europa League ។ អតីតតារាឆ្នើមរបស់ជម្រើសជាតិស្កុតឡេនលោក Souness ជឿជាក់ថាក្លឹប United ត្រូវតែសោកស្តាយដែលបានលក់ McTominay ខណៈពេលដែលពួកគេបានចំណាយប្រាក់យ៉ាងច្រើនទៅលើកីឡាករ Casemiro និង Mannuel Ugarte ដោយបានរិះគន់ការសម្រេចចិត្តបែបនេះថាជា «ការគ្រប់គ្រងមិនត្រឹមត្រូវលើមាត្រដ្ឋានឧស្សាហកម្មបាល់ទាត់»។
គាត់បានសរសេរនៅក្នុងកាសែត The Daily Mail ថា «អូរបៀបដែល Manchester United ត្រូវតែសោកស្តាយចំពោះការលក់ Scott McTominay ដែលកីឡាករម្នាក់បានស៊ុតបាល់ពិន័យជួយអោយស្កុតឡែនឈ្នះប្រទេសក្រិកកាលពីយប់ថ្ងៃព្រហស្បតិ៍»។
«គាត់ជាកីឡាករបាល់ទាត់សម័យទំនើបដ៏អស្ចារ្យម្នាក់។ ថាមពលខ្ពស់ ជាកីឡាករលេងពីប្រអប់មួយទៅប្រអប់មួយ ហើយជាអ្នកស៊ុតបញ្ចូលទីដ៏សំខាន់»។
«គាត់មានអាយុ ២៧ឆ្នាំ ហើយបានធ្វើអោយក្លឹប United ឈឺចាប់ជាមួយនឹងប្រាក់ឈ្នួលរបស់គាត់នៅពេលដែល «អ្នកធ្វើការសម្រេចចិត្ត» ក្នុងការលក់គាត់ទៅកាន់ក្លឹប Napoli ក្នុងតម្លៃ ២៥លាផោន»។
«ពួកគេបានចេញទៅក្រៅ ហើយចំណាយ ៥៨លានផោនលើកីឡាករ Casemiro ដែលមានអាយុ ៣០ឆ្នាំ ហើយបានចំណាយឱ្យគាត់ ៣៧០,០០០ ផោនក្នុងមួយសប្តាហ៍ និងចំណាយ ៤២លានផោនទៀតលើកីឡាករ Manuel Ugarte ។ ថ្លៃផ្ទេរសរុបចំនួន ១០០លានផោន»។
«តើអ្នកណាម្នាក់នៅ United សូមលើកដៃឡើង ហើយនិយាយថា៖ (វាជាការស្រែករបស់ខ្ញុំ)។ ពីព្រោះវា គឺជាការសម្រេចចិត្តដ៏ឃោរឃៅមួយ។ ឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃការគ្រប់គ្រងខុសលើមាត្រដ្ឋានឧស្សាហកម្មនៅក្លឹបនោះចាប់តាំងពី Fergie ចូលមក»។
ក្លឹប United សង្ឃឹមថានឹងអាចធ្វើបាន ៥ប្រកួតដែលមិនស្គាល់ចាញ់ក្នុងការប្រកួតទាំងអស់ នៅពេលដែលពួកគេប្រឈមមុខនឹងក្រុម Nottingham Forest នៅថ្ងៃទី១ ខែមេសា ចំណែកឯកីឡាករ McTominay មានការប្រកួតដ៏ធំមួយជាមួយក្រុម AC Milan ក្នុងក្របខ័ណ្ឌ Serie A ដែលនឹងមកដល់នៅថ្ងៃអាទិត្យ៕