នេះជាមូលហេតុលោក Gerrard សុំចាកចេញពីក្លឹប Al-Ettifaq

0

យោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាលោក Gerrard បានស្នើសុំចាកចេញពីក្លឹបដោយសារតែ «ហេតុផលផ្ទាល់ខ្លួន» ហើយក្លឹប Al-Ettifaq បានធ្វើតាមការស្នើរសុំមួយនេះកាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីការពិភាក្សាជាមួយវីរៈបុរសរបស់ក្លឹប Liverpool រូបនេះ។ បច្ចុប្បន្នក្រុម Al-Ettifaq ឈរនៅលេខរៀងទី ១២ ក្នុងតារាង Saudi Pro League ដែលមាន ២៤ពិន្ទុតាមពីក្រោយក្រុម Al-Hilal ។

ក្លឹប Al-Ettifaq បានបញ្ជាក់ថា ពួកគេបានព្រមព្រៀងគ្នាក្នុងការចែកផ្លូវគ្នាជាមួយបុរសសញ្ជាតិអង់គ្លេស ហើយលោក Gerrard បន្ថែមក្នុងសេចក្តីថ្លែងការណ៍ផ្លូវការថា៖ «ខ្ញុំចង់ថ្លែងអំណរគុណចំពោះក្លឹប កីឡាករ និងអ្នកគាំទ្រ និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់ឱកាស និងការគាំទ្រក្នុងអំឡុងពេលរបស់ខ្ញុំនៅទីនេះ ជាពិសេសលោកប្រធាន លោក Samer នាយកប្រតិបត្តិ លោក Hamed និងជាប្រធានគណៈកម្មាធិការកីឡាបាល់ទាត់ លោក Hatim។ ជារួម ខ្ញុំបានរៀនច្រើន ហើយវាជាបទពិសោធន៍វិជ្ជមានសម្រាប់ខ្ញុំផ្ទាល់ និងសម្រាប់គ្រួសាររបស់ខ្ញុំ ប៉ុន្តែ​បាល់ទាត់​គឺ​មិន​អាច​ទាយ​ទុក​មុន​បាន ហើយ​ពេល​ខ្លះ​អ្វីៗ​មិន​ទៅ​តាម​ការ​ចង់​បាន»៕