Man Utd នឹងត្រូវប្រកួតប្រជែងជាមួយ Arsenal ដើម្បីទទួលបាននាយកកីឡាថ្មី

0

យោងតាមការចេញផ្សាយរបស់លោក Pete Hall អ្នកសារព័ត៌មានរបស់ iNews បានអោយដឹងថាក្លឹប Manchester United បានកំណត់អត្តសញ្ញាណទីប្រឹក្សាបាល់ទាត់របស់ Paris Saint-Germain លោក Luis Campos ជាអ្នកជំនួសតំណែង Dan Ashworth។

ក្លឹបបិសាចក្រហមកំពុងសម្លឹងរកការប្រមូលផ្តុំឡើងវិញបន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាយកកីឡារបស់ពួកគេបន្ទាប់ពីបានដឹកនាំរយៈពេលទើបតែ ៥ខែ ហើយឥឡូវនេះកំពុងពិចារណាលើជំហានបន្ថែមទៀតដើម្បីព្យាយាម និងជួយសង្គ្រោះរដូវកាល Premier League របស់ពួកគេ។

ប្រសិនបើពួកគេសម្រេចចិត្តតែងតាំងនាយកកីឡាថ្មី លោក Campos ត្រូវបានគេយល់ថាស្ថិតនៅកំពូលនៃបញ្ជីរបស់ក្លឹប Manchester United ទោះបីជាពួកគេប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Arsenal ដែលកំពុងរកអ្នកជំនួសលោក Edu ដូចគ្នា។

ដោយត្រូវបានពិពណ៌នាថាជា «អ្នកជ្រើសរើសកីឡាករដ៏មានទេពកោសល្យ» លោក Campos ត្រូវបានគេនិយាយថានឹងគូសប្រអប់ជាច្រើនសម្រាប់ United ហើយអាចសមនឹងមិត្តរួមជាតិព័រទុយហ្គាល់ Ruben Amorim ដែលបានចូលកាន់តំណែងនៅ Old Trafford ក្នុងខែវិច្ឆិកា។

កិច្ចសន្យារបស់បុរសវ័យ ៦០ឆ្នាំនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយខណៈពេលដែលគាត់ត្រូវបានគេយល់ថាចង់បន្តកុងត្រាថ្មី ខណៈខាងក្លឹប PSG មិនទាន់បានចង្អុលបង្ហាញថាតើពួកគេនឹងផ្តល់សំណើរដល់គាត់ឬយ៉ាងណានោះទេ។

លោក Dougie Freedman របស់ Crystal Palace និង Andrea Berta របស់ Atletico Madrid ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំណែងទំនេររបស់ United ផងដែរ ប៉ុន្តែបិសាចក្រហមត្រូវបានគេរាយការណ៍ថាមិនប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកជំនួសលោក Ashworth នោះទេ ។

នាយកបច្ចេកទេសលោក Jason Wilcox និងជានាយកជ្រើសរើសកីឡាករ Christopher Vivell ត្រូវបានគេនិយាយថានឹងត្រូវត្រួតពិនិត្យសកម្មភាពផ្ទេរណាមួយនៅក្នុងទីផ្សារខែមករាខាងមុខនេះ។

លោក Ashworth ដែលត្រូវបានតែងតាំងជានាយកកីឡាកាលពីថ្ងៃទី១ ខែកក្កដា បានចែកផ្លូវជាមួយ United បន្ទាប់ពីការប្រកួតចាញ់ក្រុម Nottingham Forest ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍។

បុរសវ័យ ៥៣ឆ្នាំបានចាកចេញបន្ទាប់ពីមើលការខុសត្រូវលើទីផ្សារដោះដូរកីឡាករបានតែមួយគត់ និងតិចជាងមួយខែបន្ទាប់ពីការតែងតាំងរបស់លោក Amorim ហើយតាមការចេញផ្សាយមួយបានអះអាងថាគាត់មាន «ទំនាក់ទំនងដ៏តានតឹង» ជាមួយសហម្ចាស់ក្លឹបលោក Sir Jim Ratcliffe ។

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ratcliffe មិនសប្បាយចិត្តទាល់តែសោះជាមួយនឹងយុទ្ធសាស្ត្ររដូវក្តៅរបស់ Man Utd ដែលឃើញក្រុមបិសាចក្រហមចំណាយប្រាក់ប្រមាណ ១៨០លានផោនលើការចុះហត្ថលេខាថ្មីចំនួន ៥នាក់ និងផ្តល់ជូនអ្នកចាត់ការ Erik ten Hag បន្តកិច្ចសន្យា៕