យោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានរបស់ The Athletic បានអោយដឹងថាលោក Dan Ashworth ត្រូវបានគេរាយការណ៍ថាបានចែកផ្លូវជាមួយ Manchester United ត្រឹមតែ ៥ខែប៉ុណ្ណោះក្នុងតួនាទីរបស់គាត់ជានាយកកីឡារបស់ក្លឹប។ បុរសសញ្ជាតិអង់គ្លេសបានចូលរួមជាមួយបិសាចក្រហមបន្ទាប់ពីចាកចេញពី Newcastle United ក្រោយពីការចរចារវាងក្លឹបទាំងពីជុំវិញការផ្ទេរមួយនេះ។
លោក Sir Jim Ratcliffe ដែលជាសហម្ចាស់របស់ United ត្រូវបានគេនិយាយថាបានដើរតួនាទី «សំខាន់» នៅក្នុងការសម្រេចចិត្តលើការចាកចេញរបស់ Ashworth ។ គណៈគ្រប់គ្រង់មានអារម្មណ៍ថាការផ្លាស់ប្តូរចាប់តាំងពីការមកដល់របស់គាត់ទើបតែប៉ុន្មានខែមុននេះមិនមានភាពរលូនដូចការរំពឹងទុកនោះទេ។ កិច្ចប្រជុំមួយត្រូវបានធ្វើឡើងជាមួយនាយកប្រតិបត្តិ Omar Berrada បន្ទាប់ពីក្រុមរបស់លោក Ruben Amorim បានរងបរាជ័យយ៉ាងភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-២ ក្រោមថ្វីជើងក្រុម Nottingham Forest នៅ Old Trafford កាលពីថ្ងៃទី៧ ខែធ្នូ។
ក្លឹប Manchester United ត្រូវបានគេជឿថាបានជំរុញឱ្យមានការចែកផ្លូវគ្នានេះ បើទោះជាពួកគេអះអាងថាវាត្រូវបានយល់ព្រមដោយភាគីទាំង២។ លោក Ashworth បានមើលការខុសត្រូវលើការជ្រើសរើសកីឡាករ ទម្រង់លេង និងប្រតិបត្តិការរបស់ក្លឹប ដោយធ្វើការជាមួយលោក Jason Wilcox ដែលបានមកចូលរួមជានាយកបច្ចេកទេសពីក្លឹប Southampton ។
លោក Ratcliffe បាននិយាយនៅសប្តាហ៍នេះថា «ការសម្រេចចិត្តដ៏លំបាក» នឹងត្រូវធ្វើឡើងដើម្បីធ្វើឱ្យ United ត្រលប់ទៅប្រកួតប្រជែងនៅលើកំពូលនៃបាល់ទាត់អង់គ្លេស។ បិសាចក្រហមបានចំណាយ ១៧៦លានផោននៅរដូវក្តៅលើការចុះហត្ថលេខាដូចជា Manuel Ugarte និង Matthijs de Ligt ។ ពួកគេឈរនៅចំណាត់ថ្នាក់ទី១៣ ក្នុងតារាង Premier League ហើយបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេនាយុទ្ធនាការលីកក្នុងប្រវត្តិសាស្ត្រ។
ការតែងតាំងលោក Ashworth បានកើតឡើងចំពេលមានភាពចម្រូងចម្រាស បន្ទាប់ពីគាត់បានចាកចេញពី Newcastle ដោយមិនគោរពច្បាប់ ដើម្បីមកកាន់តួនាទីជានាយកកីឡានៅ Old Trafford ។ ខាងក្លឹប Newcastle បានដាក់គាត់អោយនៅដោយឡែក បន្ទាប់ពីគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញ។
INEOS មានអារម្មណ៍ថាគាត់គឺជាបុរសដ៏ល្អម្នាក់ក្នុងការដឹកនាំប្រតិបត្តិការបាល់ទាត់ក្រៅទីលានរបស់ក្លឹប ដោយសារការងាររបស់គាត់នៅ St James’ Park ជំរុញក្រុមសារិកាព្រៃ ឱ្យជាប់ចំណាត់ថ្នាក់កំពូលទាំងបួន។ លោក Ratcliffe បាននិយាយថាលោក Ashworth នឹងក្លាយជា «ការបន្ថែមដ៏ល្អ» ហើយថាគាត់ចង់ទទួលយក «ការប្រកួតប្រជែងដ៏ធំបំផុតនៅក្លឹបដ៏ធំបំផុតនៅលើពិភពលោក»។
ឥឡូវនេះសំណួរនឹងថាតើអ្នកណាមកជំនួសលោក Ashworth ក្នុងតួនាទីអ្នកជ្រើសរើសកីឡាករ និងប្រតិបត្តិការបាល់ទាត់របស់ United ។ លោក Amorim បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Hugo Viana នៅក្លឹប Sporting Lisbon ប៉ុន្តែនាយកកីឡាសញ្ជាតិព័រទុយហ្គាល់បានយល់ព្រមទៅចូលរួចជាមួយក្លឹប Manchester City ដើម្បីស្នងតំណែងបន្តពីលោក Txiki Begiristain នៅរដូវក្តៅក្រោយ។ Arsenal ក៏កំពុងស្វែងរកអ្នកដឹកនាំថ្មីផងដែរ ដោយលោក Edu Gasper ជ្រើសរើសទៅចូលរួមជាមួយនឹងក្លឹប Nottingham Forest៕