ភ្នំពេញ៖ តាមរយៈឃ្លីបវិដេអូដែលមានរយៈពេលជាងមួយនាទី នៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤សម្ដេចមហាបវ រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលអមដំណើរដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានអញ្ជើញទៅពិនិត្យដោយផ្ទាល់នូវការប្រមូលផលនេសាទនៅថ្ងៃត្រីត្រូវដំបូង។
ជាមួយនឹងរូបភាពវិដេអូខ្លី សម្ដេចបវរធិបតីបានសរសេរថា “ថ្ងៃនេះឆ្លៀតចុះជួបសំណេះសំណាលនិងមើលការប្រមូលផល នេសាទរបស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល”។
សម្ដេចបវរធិបតីបានបន្តថា “តាមបងប្អូននៅទីនោះប្រាប់ ឆ្នាំនេះការប្រមូលផលត្រីមានការកើនឡើងច្រើនបើប្រៀបធៀបជា មួយនៃផលនេសាទនៅឆ្នាំកន្លងទៅ”។
សូមជម្រាបថា ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលជលផលបានបញ្ជាក់ថា “ដោយសារតែ នៅក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ ជាពិសេសគឺគន្លងដាយត្រីដងទន្លេសាបនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨-១៣ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋបាលជលផលបន្ថែមថា ដូច្នេះសូមប្រជាពលរដ្ឋអញ្ជើញមកទិញត្រីតាមពេលវេលា និងទីកន្លែងដូចជម្រាបជូន ហើយសូមអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្ដាជួយសម្របសម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕