យោងតាមការចេញផ្សាយរបស់អ្នកកាសែត Gerardo Fasano ដែលបានប្រាប់ AreaNapoli អោយដឹងថាក្លឹបបិសាចក្រហមកំពុងស្ថិតក្នុងទីផ្សារសម្រាប់ខ្សែការពារថ្មី ខណៈដែលពួកគេសម្លឹងរកការកសាងក្រុមឡើងវិញក្រោមការដឹកនាំរបស់ Ruben Amorim ហើយតារាឆ្នើមរបស់ក្លឹប Lecce គឺជាគោលដៅដែលគ្រូបង្វឹកថ្មីបានស្នើសុំដោយផ្ទាល់។
អ្នកសារព័ត៌មានខាងលើបានបន្ថែមទៀតថាក្លឹប United កំពុងរៀបចំសំណើរដែលមានតម្លៃរហូតដល់ ៣៥លានអឺរ៉ូ ហើយក្លឹប Napoli ក៏បានត្រៀមខ្លួនដើម្បីផ្តល់ជូនសំណើរប្រហែលនេះផងដែរ ទោះបីជាពួកគេនឹងពិចារណាអោយខ្ចីជើងកីឡាករវ័យ ២០ឆ្នាំទៅកាន់ក្លឹប Lecce វិញក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយវាអាចមានច្រើនជាង ២ក្លឹបដែលប្រជែងគ្នា ខណៈដែលក្លឹប Chelsea និង Tottenham ក៏ចាប់អារម្មណ៍លើកីឡាករ Dorgu ដែរ។
កីឡាករ Dorgu បានចូលរួមជាមួយ Lecce ពីក្លឹប Nordsjaelland ក្នុងឆ្នាំ២០២២ ក្នុងកិច្ចព្រមព្រៀងខ្ចីជើងដំបូង មុនពេលបញ្ចប់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍មួយឆ្នាំក្រោយមក។ ដំបូងឡើយ គាត់ត្រូវបានគេដាក់អោយលេងជាខ្សែការពារឆ្វេង ប៉ុន្តែក្រោយមកត្រូវបានគេប្រើប្រាស់ជាខ្សែបម្រើស្លាបនាពេលថ្មីៗនេះ ជាញឹកញាប់ដែលលេងនៅផ្នែកខាងស្តាំ។ គាត់បានស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ១២ប្រកួតនៅ Serie A នៅរដូវកាលនេះ។
កីឡាករ Dorgu មិនមែនជាខ្សែការពារឆ្វេងតែមួយគត់នៅលើរ៉ាដារបស់ Man Utd នោះទេ ដោយមានតារាឆ្នើមរបស់ Bayern Munich កីឡាករ Alphonso Davies និង Theo Hernandez របស់ AC Milan គឺសុទ្ធតែស្ថិតនៅក្នុងជម្រើសរបស់ក្លឹបបិសាចក្រហម៕