ក្លឹប Barcelona ទើបតែអាចចុះឈ្មោះកីឡាករ Olmo ដោយបានចុះហត្ថលេខាយកគាត់ពីក្លឹប RB Leipzig ក្នុងកិច្ចសន្យា ៥៥លានអឺរ៉ូនៅរដូវក្តៅ។ ដំបូងឡើយ គាត់មិនត្រូវបានចុះឈ្មោះទេ ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ Barcelona ប៉ុន្តែពួកគេអាចបន្ថែម Olmo ទៅក្នុងក្រុមរបស់ពួកគេ បន្ទាប់ពីរបួសរយៈពេលវែងរបស់កីឡាករ Andreas Christensen ។ ច្បាប់ La Liga អនុញ្ញាតឱ្យក្លឹបចំណាយលើសដែនកំណត់របស់លីគ ប្រសិនជាពួកគេមានកីឡាកររង់របួសធ្ងន់ ហើយក្លឹប Barca បានប្រើច្បាប់មួយនេះដើម្បីអាចចុះឈ្មោះ Olmo ទៅក្នុងក្រុមដំបូងរបស់ខ្លួនបាន។
កីឡាករសញ្ជាតិអេស្បាញត្រូវបានចុះឈ្មោះរហូតដល់ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ មានន័យថា Barcelona ប្រឈមមុខនឹងការប្រជែងនឹងពេលវេលាដើម្បីត្រឡប់ទៅរកច្បាប់ ១:១ ដែល La Liga អនុវត្ត។ ក្លឹបមិនអាចចំណាយលើសពីអ្វីដែលពួកគេរកបានឡើយ លុះត្រាតែមានកាលៈទេសៈជាក់លាក់កើតឡើង។ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថា Barca ត្រូវតែកាត់បន្ថយខ្ទង់ចំណាយលើប្រាក់ខែ ហើយប្រហែលជាត្រូវលក់កីឡាករដើម្បីធ្វើដូច្នេះ។ ទោះជាយ៉ាងណាក៏ដោយកីឡាករ Olmo ត្រូវបានគេនិយាយថាមានភាពធូរស្រាលអំពីស្ថានភាពនេះ ហើយជឿជាក់លើក្លឹប Barca ដើម្បីធានាថាគាត់ត្រូវបានចុះឈ្មោះទាន់ពេល។
កីឡាករ Olmo មានទម្រង់លេងដ៏អស្ចារ្យសម្រាប់ Barca ក្នុងរដូវកាលនេះ ហើយបានស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងការប្រកួត La Liga ចំនួន ៦ដង រួមទាំងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អជាមួយក្រុម Espanyol ។ វាអាចក្លាយជាបញ្ហាសម្រាប់ក្រុមលោក Hansi Flick ប្រសិនជាក្លឹបបាត់បង់កីឡាករសំខាន់ម្នាក់នេះនៅពេលណាមួយ។
ក្លឹប Barcelona នឹងត្រូវប្រកួតបន្ទាប់នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ទល់នឹង Celta Vigo។ ពួកគេនឹងត្រូវលេងដល់ទៅ ៨ប្រកួតមុនដំណាច់ឆ្នាំ ២០២៤ នៅពេលដែលការចុះឈ្មោះរបស់ Olmo ផុតកំណត់៕