ក្លឹបហង្សក្រហមបានផ្តួចផ្តើមកិច្ចចរចាលើកុងត្រាថ្មីជាមួយនឹងតារាឆ្នើមបីរូបគឺ Mohamed Salah, Virgil van Dijk និង Trent Alexander-Arnold ដែលស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារៀងៗខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខណៈការចរចាកំពុងត្រូវបានធ្វើឡើងជាមួយកីឡាករ Van Dijk ចំណែកសម្រាប់កីឡាករ Alexander-Arnold គឺនៅតែឆ្ងាយពីការព្រមព្រៀងលើកិច្ចកុងត្រាថ្មី។ ប្រភពបន្ថែមទៀតបានអោយដឹងថាក្លឹបមិនមានឆន្ទៈក្នុងការចំណាយទៅលើខ្សែការពាររូបនេះច្រើនជាងកីឡាករ Salah និង Van Dijk នោះទេ ដែលបច្ចុប្បន្នពួកគេរកបាន ៣៥ម៉ឺនផោន និង ២២ម៉ឺនផោន រៀងៗខ្លួន។
ម្យ៉ាងវិញទៀត ខ្សែការពារសញ្ជាតិអង់គ្លេស មានសំណើរពីក្លឹប Paris Saint-Germain និង Real Madrid ។ ប្រសិនបើគាត់សម្រេចចិត្តផ្លាស់ទៅក្លឹបយក្សនៅអឺរ៉ុបទាំងពីរ គាត់អាចរកចំណូលបានច្រើនជាងអ្វីដែលក្លឹប Premier League ផ្តល់ជូនគាត់នៅពេលនេះ។ កីឡាករវ័យ ២៦ឆ្នាំបច្ចុប្បន្នទទួលបានប្រាក់ឈ្នួលប្រមាណ ១៨ម៉ឺនផោនក្នុងមួយសប្តាហ៍។
កីឡាករ Salah ក៏ដូចគ្នា កំពុងស្ថិតនៅឆ្ងាយពីការស្នាក់នៅបន្តនៅ Liverpool។ កីឡាករសញ្ជាតិអេហ្ស៊ីបកំពុងរំពឹងថានឹងទទួលបានការតំឡើងប្រាក់ឈ្នួលរបស់គាត់នៅក្នុងកិច្ចព្រមព្រៀងថ្មីចំពេលមានការចាប់អារម្មណ៍ពីក្លឹប Saudi Pro League ។ ក្លឹប Liverpool ក៏កំពុងស្វែងរកនៅអ្នកជំនួសកន្លែងខ្សែបម្រើស្លាបរូបនេះ ហើយកីឡាករ Omar Marmoush របស់ Eintracht Frankfurt បានក្លាយជាកីឡាករដែលពួកគេចាប់អារម្មណ៍៕