ភាពជោគជ័យរបស់ Gyokeres បានធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានក្លឹបនៅតំបន់អឺរ៉ុបជាច្រើនចង់បានបំផុត ខណៈក្លឹបទាំងនោះកំពុងតាមដានស្ថានភាពរបស់គាត់នៅក្លឹប Sporting CP។ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាទោះបីជាគាត់មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ១០០លានអឺរ៉ូ ក៏ក្លឹប Barcelona មានបំណង់ចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៦ឆ្នាំ ព្រោះពួកគេជឿជាក់ថាគាត់អាចជាយុទ្ធសាស្ត្រថ្មីសម្រាប់លេងនៅក្នុងតំបន់ប្រយុទ្ធជាមួយកីឡាករ Lamine Yamal។
ក្លឹប Barcelona ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើយុទ្ធសាស្រ្តច្នៃប្រឌិតជាច្រើនដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះអាចធ្វើទៅបានជាមួយនឹងបញ្ហាផ្នែកហិរញ្ញវត្ថុដែលខ្លួនមាន។ ក្លឹបជឿជាក់ថាយុទ្ធសាស្រ្តនេះនឹងមានការរួមបញ្ចូលកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Vitor Roque ដែលពីមុនត្រូវបានផ្តល់ជូនទៅ Sporting ក្នុងតម្លៃ ៣០លានអឺរ៉ូ កាលពីរដូវក្តៅមុន។ លើសពីនេះ Barcelona នៅតែរក្សាលក្ខខណ្ឌលក់ ៥០% សម្រាប់អតីតកីឡាករ Francisco Trincao ដែលបច្ចុប្បន្នកំពុងស្នាក់នៅជាមួយ Sporting ។ តាមរយៈការបញ្ចូលទាំង Roque និងសិទ្ធិលក់ក្នុងកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ Barcelona សង្ឃឹមថានឹងកាត់បន្ថយការចំណាយសរុបនៃការទិញ Gyokeres ដោយសារកត្តាទាំងនេះពួកគេអាចធានាបាននៅការចុះហត្ថលេខាយកខ្សែប្រយុទ្ធរូបនេះ មកជំនួសកន្លែងរបស់កីឡាករ Lewandowski ដែលអាចចាកចេញពីក្លឹប។
ទម្រង់លេងរបស់កីឡាករ Gyokeres ក្នុងរដូវកាលនេះ បានបង្កើតការទាក់ទាញរបស់គាត់បន្ថែមទៀត ដោយកីឡាករវ័យ ២៦ឆ្នាំ បានក្លាយជាជម្រើស ១១នាក់យ៉ាងរឹងមាំសម្រាប់ក្លឹបនៅ Liga Portugal។ ត្រឹមតែ ១០ប្រកួតប៉ុណ្ណោះគាត់បានស៊ុតបញ្ចូលទី ១៦គ្រាប់ ដោយបង្ហាញពីទម្រង់លេងដ៏មុតស្រួចដូចទៅនឹងរដូវកាលមុន ដែលគាត់អាចស៊ុតបញ្ចូលទីបាន ២៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ១០ដង។ ជាងនេះទៅទៀត ការស៊ុតបញ្ចូលទីបាន Hat-trick នាពេលថ្មីៗនេះ ទល់នឹង Manchester City ក្នុងក្របខណ្ឌ Champions League បានបង្កើនតម្លៃខ្លួនរបស់គាត់បន្ថែមទៀត។
ក្លឹប Barcelona ទំនងជាប្រឈមនឹងការប្រជែងគ្នាយ៉ាងខ្លាំងក្នុងការតាមប្រមាញ់ Gyokeres ខណៈក្លឹបធំៗមួយចំនួននៅទូទាំងទ្វីបអឺរ៉ុបក៏ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរផងដែរ។ ក្រុម Manchester United ដែលមានបំណងចង់ពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់ពួកគេ បន្ទាប់ពីការបង្ហាញទម្រង់មិនសូវល្អរបស់កីឡាករ Rasmus Hojlund និង Joshua Zirkzee ហើយត្រូវបានគេនិយាយថាកំពុងតាមដានយ៉ាងដិតដល់នូវលទ្ធភាពដែលអាចផ្ទេរយកខ្សែប្រយុទ្ធរូបនេះបាន។ ក្តីសង្ឃឹមរបស់ Man Utd ត្រូវបានពង្រឹងដោយការមកដល់របស់អ្នកចាត់ការថ្មី Ruben Amorim ដែលអាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Gyokeres ឱ្យចូលរួមជាមួយខ្លួន។ លើសពីនេះ Manchester City និង Bayern Munich សុទ្ធតែមានពាក្យចចាមអារ៉ាមថាមានការចាប់អារម្មណ៍ ដែលជាសញ្ញានៃការប្រយុទ្ធគ្នាដ៏ស្វិតស្វាញសម្រាប់ Barcelona ខណៈដែលក្លឹបធំទាំងនេះសុទ្ធតែសម្លឹងរកការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ៕