ខ្សែប្រយុទ្ធ Mathys Tel អាចនឹងត្រូវក្លឹបដាក់ឲ្យលេងខ្ចីជើង

0

យោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាខ្សែប្រយុទ្ធ Mathys Tel របស់ Bayern Munich អាចនឹងចាកចេញពីកីឡដ្ឋាន Allianz Arena នៅក្នុងខែមករាខាងមុខ ខណៈក្លឹប Stuttgart ហាក់ដូចជាចាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់ជាមួយលក្ខខណ្ឌខ្ចីជើង ។

កីឡាករ Tel ដែលលេងបានត្រឹមតែ ២២៤នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ៧ដងក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយក្នុងនោះគាត់បានជាប់ជាជម្រើសដំបូងចំនួន ២ដង។ បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២៤ កីឡាករ Tel ត្រូវបានគេរំពឹងថានឹងឈានទៅមុខក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Vincent Kompany។ ទោះជាយ៉ាងណាក៏ដោយ ការរំពឹងរបស់គាត់ត្រូវបានជាប់គាំងសម្រាប់រដូវកាលបច្ចុប្បន្ន ដែលធ្វើអោយទ្វាបើកសម្រាប់ការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង នៅក្នុងទីផ្សារដោះដូររដូវរងាខាងមុខនេះ។

កីឡាករ Tel បានចុះកុងត្រាថ្មីជាមួយក្លឹបកាលពីខែមីនាកន្លងទៅ ដោយគាត់នឹងស្នាក់នៅជាមួយក្លឹបដល់ឆ្នាំ២០២៩។ ប៉ុន្តែការវិវឌ្ឍន៍ថ្មីៗនេះ អាចបង្ហាញអំពីអនាគតគាត់ដែលត្រូវចាកចេញពីក្លឹប Munich។ ខណៈពេលដែលកីឡាករ Tel មិនអាចស្វែងរកកន្លែងលេងនៅក្រោមការដឹកនាំរបស់លោក Kompany ដូច្នេះក្លឹប Bayern បាននឹងកំពុងស្វែងរកអ្នកស្នងតំណែងសម្រាប់ Harry Kane ដែលនឹងមានអាយុ ៣២ឆ្នាំនៅរដូវក្តៅក្រោយ។

ប្រសិនជាកីឡាករ Tel ពិតជាទៅចូលរួមជាមួយនឹងក្លឹប Stuttgart ឫក៏ក្លឹបផ្សេងទៀតក្នុងលក្ខខណ្ឌខ្ចីជើង ដែលវាអាចជួយគាត់ឱ្យចាប់ផ្តើមអាជីពរបស់គាត់ឡើងវិញនៅ Allianz Arena នាពេលអនាគត។ ការមានពេលវេលាលេងទៀងទាត់ និងលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកដែលមានជំនឿទៅលើកីឡាករ នេះអាចបង្ហាញថាជាអ្វីដែលកីឡាករសញ្ជាតិបារាំងបានបាត់បង់ក្នុងរយៈពេល ៣ទៅ ៤ខែចុងក្រោយនេះ៕