ក្លឹបនៅអង់គ្លេសចាប់អារម្មណ៍ចង់បាន Sane

0

ក្លឹបបិសាចក្រហមត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងដិតដល់នូវតារាឆ្នើមរបស់ក្លឹប Bayern ជាច្រើននាក់ ក្នុងនោះរួមទាំងកីឡាករ Sane និងខ្សែបម្រើ Leon Goretzka ដែលជាគោលដៅផ្ទេរដ៏មានសក្តានុពល។ ដោយសារអតីតកីឡាកររបស់ក្លឹប Manchester City នៅសល់កុងត្រាតែមួយឆ្នាំទៀត ដូច្នេះ Man Utd អាចព្យាយាមទាក់ទាញគាត់ឱ្យត្រលប់មកកាន់អង់គ្លេសវិញ ដែលជាផ្នែកមួយនៃការផ្ទេររបស់ពួកគេនៅឆ្នាំ២០២៥។

កីឡាករ Sane បានជួបបញ្ហារបួស ជាពិសេសបន្ទាប់ពីការវះកាត់ក្រលៀនក្នុងរដូវក្តៅ។ ជាលទ្ធផល គាត់បានបង្ហាញខ្លួនត្រឹមតែ ៤ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប Bayern នៅក្នុងរដូវកាលនេះ ដោយលេងសរុបបានតែ ៧៨នាទី។ ដូច្នេះក្លឹប Bayern Munich កំពុងប្រើវិធីសាស្ត្រក្នុងការចរចាទៅលើកុងត្រាយ៉ាងប្រុងប្រយ័ត្ន ខណៈការបង្ហាញទម្រង់លេងនៅលើទីលានរបស់គាត់អាចជាចម្លើយសម្រាប់បញ្ជាក់ថាគាត់នឹងនៅបន្ត ឫក៏ចាកចេញទៅអង់គ្លេស។

នាយកកីឡាលោក Max Eberl បានបញ្ជាក់ថា ការពិភាក្សាលើកិច្ចសន្យាថ្មីកំពុងបន្តដោយគាត់បាននិយាយថា៖ «ឥឡូវនេះ វាជារឿងសំខាន់ដែល Leroy មានអារម្មណ៍សុខស្រួលម្តងទៀត ហើយអាចបង្ហាញពីអ្វីដែលគាត់អាចធ្វើបាននៅលើទីលានជាថ្មី។ ការ​សម្រេច​ចិត្ត​មួយ យើង​នឹង​ប្រកាស»។

នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថា ការពិចារណាផ្នែកហិរញ្ញវត្ថុធ្វើឱ្យការចរចាកិច្ចសន្យារបស់ Sane មានភាពស្មុគស្មាញ។ នៅពេលដែលគាត់ផ្ទេរមកកាន់ក្លឹប Bayern ពីក្លឹប Manchester City ខ្សែបម្រើស្លាបរូបនេះបានយល់ព្រមកាត់បន្ថយប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់គាត់ចំនួន ៥លានអឺរ៉ូ ដែលឥឡូវនេះទទួលបានប្រហែល ២០លានអឺរ៉ូក្នុងមួយឆ្នាំ។ ជាមួយនឹងកិច្ចព្រមព្រៀងរបស់គាត់នឹងផុតកំណត់ ភ្នាក់ងាររបស់ Sane ត្រូវបានរាយការណ៍ថាកំពុងស្វែងរកការពន្យាកុងត្រាដែលឆ្លុះបញ្ចាំងពីតម្លៃរបស់គាត់ចំពោះក្រុម។

ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភអំពីរបួសដែលកំពុងបន្តបានបង្ខំឱ្យ Bayern ប្រកាន់យកនូវវិធីសាស្រ្តចរចារដែលវាស់វែងទៅលើបញ្ហាទាំងនេះ។

កីឡាករ Sane បានបង្ហាញខ្លួនក្នុងការប្រកួតទល់នឹង Stuttgart ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ក្នុងនាមជាកីឡាករបម្រុង។ ទម្រង់លេងដ៏ល្អអាចផ្តល់ឱ្យគាត់នូវកៅអីចាប់ផ្តើមទល់នឹងក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League សម្រាប់ថ្ងៃទី២៣ ខែតុលា ដែលនឹងក្លាយជាដំណាក់កាលដ៏ធំមួយដើម្បីបង្ហាញអំពីទម្រង់លេងរបស់គាត់៕