Ramos ត្រៀមក្នុងការទៅចូលរួមជាមួយនឹងក្លឹបនៅ Saudi Pro League

0

យោងតាមការចេញផ្សាយរបស់អ្នកព័ត៌មាន Sacha Tavolieri បានអោយដឹងថាកីឡាករ Ramos ត្រៀមក្នុងការទៅចូលរួមជាមួយនឹងក្លឹប Al-Orobah នៅ Saudi Pro League។ ក្លឹបមួយនេះត្រូវបានប្រម៉ូតមកកាន់លីគកំពូលរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងរដូវកាលនេះ ហើយក៏បានចុះហត្ថលេខាយកកីឡាករ Cristian Tello មកចូលរួមជាមួយខ្លួនផងដែរ។

នៅក្នុងរដូវកាលនេះ មានព័ត៌មានចចាមអរ៉ាមជាច្រើនអំពីការងាបន្ទាប់របស់គាត់ ក្រោយចាកចេញពីក្លឹប Sevilla ដោយគ្មានតម្លៃខ្លួន ដោយមានព័ត៌មានមួយចំនួនបានបញ្ជាក់ថាគាត់ចាប់អារម្មណ៍ក្នុងការទៅចូលរួមជាមួយក្រុម Al-Nassr របស់កីឡាករ Ronaldo។ កីឡាករ Ramos មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ Al-Nassr ប៉ុន្តែការផ្ទេរនោះមិនបានសម្រេច។ ក្នុងនោះក៏មានការរំពឹងទុកក្នុងការផ្ទេរទៅកាន់ MLS ប៉ុន្តែការពិភាក្សាទាំងនេះក៏ត្រូវបានបញ្ចប់ផងដែរ។

Ramos បានមកចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំ២០០៥ ពីក្លឹប Sevilla ក្នុងតម្លៃ ២៧លានអឺរ៉ូ ដែលជាកំណត់ត្រាសម្រាប់ខ្សែការពារសញ្ជាតិអេស្ប៉ាញនៅពេលនោះ។ ក្នុងរយៈពេលជាង ១៦ឆ្នាំនៅ Santiago Bernabeu កីឡាករ Ramos បានបង្ហាញខ្លួន ៦៧១ ប្រកួតឱ្យ Los Blancos ដោយស៊ុតបញ្ចូលទីបាន ១០១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៤០ដង។ នៅ Real Madrid គាត់បានឈ្នះពានរង្វាន់ជាច្រើនរួមមានពានរង្វាន់ La Liga ចំនួន ៥ដង និងពានរង្វាន់ UEFA Champions League ចំនួន ៤ដង ដែលបានធ្វើអោយគាត់ក្លាយជាខ្សែការពារដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ការផ្ទេររបស់កីឡាករ Ramos ទៅ Al-Orobah បង្ហាញពីអាជីពចុងក្រោយរបស់គាត់។ អ្នកគាំទ្របាល់ទាត់នឹងអន្ទះសារចង់ឃើញការប្រកួតរវាង Ramos និង Ronaldo នៅពេលដែល Al-Orobah ប៉ះ AL-Nassr ក្នុងការប្រកួតក្នុងស្រុក៕