កីឡាករ Trippier គឺជាផ្នែកសំខាន់នៃក្រុមជម្រើសជាតិអង់គ្លេសក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ដោយបានបង្ហាញខ្លួនជាលើកដំបូងអោយក្រុមតោកំណាចអង់គ្លេសនៅក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ Gareth Southgate ។ ខណៈពេលដែលខ្សែការពារ Newcastle បានបង្ហាញខ្លួន ៥៤ដង និងបានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមរបស់លោក Southgate ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃ Euro ២០២៤ ។ គាត់បានធ្វើការប្រកាសអំពីការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅក្នុងបណ្តាញសង្គម IG ។
នៅលើការបង្ហោះ Instagram របស់គាត់ Trippier បានសរសេរថា៖ «ខ្ញុំមិនដែលគិតថាជាក្មេងដែលចេញពីក្លឹប Bury ដែលខ្ញុំអាចនឹងលេងអោយប្រទេសរបស់ខ្ញុំបាន ៥៤ដង»។
«វាជាកិត្តិយសដ៏ធំបំផុតមួយនៃជីវិតរបស់ខ្ញុំ ក្នុងការតំណាងប្រទេសរបស់ខ្ញុំក្នុងការប្រកួតធំៗមួយចំនួន»។
«ខ្ញុំចង់និយាយអរគុណយ៉ាងធំចំពោះ Gareth និងបុគ្គលិកទាំងអស់ដែលបានធ្វើការជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការជឿទុកចិត្តដែលពួកគេបានដាក់មកលើខ្ញុំនាពេលកន្លងមក»។
«សូមអរគុណមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ យើងមានពេលវេលាពិសេសមួយចំនួនដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro ចំនួន ២ដង និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ហើយខ្ញុំប្រាកដថានៅពេលអនាគតក្រុមរបស់យើងនេះនឹងឈ្នះការប្រកួតដ៏សំខាន់មួយ»។
«ខ្ញុំចង់ជូនពរ Lee បុគ្គលិកបង្វឹក និងក្រុមទាំងអស់ឲ្យបានជួបតែអនាគតល្អ»។
«ហើយជាចុងក្រោយសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រអង់គ្លេសទាំងអស់សម្រាប់ការគាំទ្រដ៏មិនគួរឱ្យជឿរបស់អ្នកដែលធ្វើដំណើរជុំវិញពិភពលោកដើម្បីគាំទ្រយើង និងធ្វើឱ្យពួកយើងបន្តនៅក្នុងគ្រាដ៏លំបាក»។
ការសម្រេចចិត្តរបស់ Trippier កើតឡើងតែប៉ុន្មានម៉ោងមុនពេលគ្រូបង្វឹកបណ្ដោះអាសន្នរបស់អង់គ្លេស Lee Carsley ត្រៀមប្រកាសសមាសភាពកីឡាករក្រុមជម្រើសជាតិសម្រាប់ប្រកួតវគ្គចែកពូល Nations League នាពេលខាងមុខជាមួយអៀរឡង់ និងហ្វាំងឡង់ ហើយគ្រូបង្វឹកថ្មីនឹងត្រូវពិនិត្យមើលជម្រើសផ្សេងទៀតសម្រាប់តំបន់ករពារដែលត្រូវមកជំនួសកន្លែងកីឡាករ Trippier ដែលចាកចេញ។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះនឹងបន្តផ្តោតទៅលើអាជីពរបស់ខ្លួននៅក្លឹប ខណៈដែលគាត់អាចនឹងត្រូវប្រជែងជាមួយនឹងកីឡាករ Tino Livramento ដើម្បីអាចរក្សាកន្លែងរបស់ខ្លួនជាខ្សែការពារស្តាំនៅក្រោមការដឹកនាំរបស់លោក Eddie Howe នារដូវកាលនេះ៕