Man City កំណត់ពេលឲ្យលោក Guardiola សម្រេចចិត្តលើអនាគត

0

កិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញជាមួយនឹងក្លឹប Manchester City នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៥ ហើយគាត់មិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅឡើយទេ។ ថ្មីៗនេះលោក Marti Perarnau ដែលបានសរសេរអំពីជីវប្រវត្តិរបស់ Pep Guardiola បានបង្ហាញអំពីមូលហេតុ២ ដែលគាត់អាចនឹងចាកចេញពីក្លឹប ប៉ុន្តែគាត់មិនបានបញ្ជាក់ថាតើអ្នកចាត់ការរូបនេះនឹងចាកចេញនៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៤-២៥ នោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាម្ចាស់ជើងឯកអង់គ្លេស នឹងកំណត់ពេលវេលាឱ្យអ្នកចាត់ការទូទៅរូបនេះធ្វើការសម្រេចិត្ត។ ពួកគេនឹងស្នើសុំឱ្យលោក Guardiola ជូនដំណឹងដល់ក្លឹបអំពីការសម្រេចចិត្តរបស់គាត់នៅពេលបុណ្យណូអែល ដើម្បីឱ្យ Man City អាចស្វែងរកអ្នកជំនួសដ៏សមរម្យសម្រាប់អតីតគ្រូបង្វឹកក្រុម Barcelona ក្នុងករណីសម្រេចចិត្តមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។ ក្លឹបមេឃខៀវ បានរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យ ៥៣ឆ្នាំក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។

កាលពីដើមរដូវក្តៅនេះ គ្រូបង្វឹករបស់ Man City ធ្លាប់បានបង្ហើបថាគាត់អាចចាកចេញពីក្លឹបក្នុងពេលឆាប់ៗនេះ ខណៈដែលគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ខិតជិតចាកចេញពី Etihad។ ទោះយ៉ាងណាក៏ដោយ ការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់មិនត្រូវបានបញ្ជាក់នោះទេ។

ក្រុមម្ចាស់ជើងឯកបានចាប់ផ្ដើមរដូវកាលថ្មីកាលពីចុងសប្តាហ៍មុន ខណៈដែលពួកគេបានយកឈ្នះក្រុម Manchester United ដើម្បីលើកពានរង្វាន់ Community Shield ។ កាលពីថ្ងៃអាទិត្យ ពួកគេបានចាប់ផ្តើមដំណើរការការប្រកួត Premier League ឆ្នាំ២០២៤-២៥ របស់ពួកគេជាមួយនឹងក្រុម Chelsea នៅកីឡដ្ឋាន Stamford Bridge ដោយបានយកឈ្នះលើក្រុមតោខៀវក្នុងលទ្ធផល 2-0៕