កីឡាករសញ្ជាតិស្កុតឡេនកំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរចេញនៅរដូវក្តៅ ខណៈដែលក្លឹប Fulham បានដាក់សំណើរ ២ដង ប៉ុន្តែត្រូវបានច្រានចោល ស្របពេលដែលក្លឹប Tottenham និង Galatasaray ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើគាត់ផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Alfredo Pedulla បានអោយដឹងថាកីឡាករ McTominay ក៏បានពិភាក្សាជាមួយក្លឹប Napoli ហើយកីឡាករវ័យ ២៧ឆ្នាំនេះចាត់ទុកក្លឹបនៅ Serie A ជាជម្រើសអាទិភាពរបស់ខ្លួន។ អ្នកចាត់ការលោក Antonio Conte ក៏បានចាត់ទុកគាត់ជាជម្រើសអាទិភាពដូចគ្នា ខណៈកីឡាករក៏មានជម្រើសផ្សេងទៀតផងដែរ។
កីឡាករ McTominay បានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ United ទោះបីជាក្លឹបមានជម្រើសក្នុងការពន្យាកុងត្រាសម្រាប់គាត់ ១២ខែទៀត។ គាត់បានស៊ុតបញ្ចូលទី ១០គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ដងសម្រាប់ក្រុមលោក Erik ten Hag កាលពីរដូវកាលមុន ហើយគាត់បានអង្គុយនៅកៅអីបម្រុងក្នុងតង់ទីពីរនៃការប្រកួត Community Shield ជាមួយក្លឹប Manchester City កាលពីសប្តាហ៍មុន ដោយ United បានចាញ់ក្នុងការស៊ុតបាល់១១ម៉ែត្រ។
កីឡាករ McTominay សង្ឃឹមថាទទួលបានកិច្ចព្រមព្រៀងនៅក្នុងរដូវក្តៅនេះ ពីព្រោះទីផ្សារដោះដូរនឹងបិទនៅ ២សប្តាហ៍ទៀត។ United ចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេទល់នឹង Fulham កាលពីថ្ងៃសុក្រម្សិលមិញ ខណៈដែល Napoli បើករដូវកាលថ្មី Serie A ជាមួយនឹងការប្រកួតជាមួយ Hellas Verona នៅថ្ងៃអាទិត្យ៕