Greenwood ខឹងរឿងនេះ ទើបមិនចង់ត្រលប់មក Old Trafford វិញ

0

បរទេស៖ ក្រុមប្រឹក្សាភិបាលរបស់ក្លឹប United បានពិចារណាថានឹងត្រូវធ្វើយ៉ាងចំពោះខ្សែប្រយុទ្ធ Mason Greenwood មុននឹងសម្រេចចិត្តលក់កីឡាករវ័យ ២២ឆ្នាំរូបនេះទៅអោយក្លឹប Marseille នៅបារាំងក្នុងតម្លៃ ២៣.៣លានផោនកាលពីសប្តាហ៍មុន។ កាលពីរដូវក្តៅមុន អតីតនាយកប្រតិបត្តិរបស់ក្លឹបបិសាចក្រហមលោក Richard Arnold បានធ្វើការប្រឆាំងក្នុងការដាក់កីឡាករ Greenwood ចូលក្នុងក្រុមបិសាចក្រហមវិញ បន្តាប់ពីមានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ នៅពេលដែលផែនការរបស់ពួកគេក្នុងការនាំយកគាត់មកវិញត្រូវបានបែកធ្លាយ។ កាលពីខែកុម្ភៈ ម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe មិនបានប្រឆាំងក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេសនេះមកវិញនោះទេ ប៉ុន្តែកីឡាករចង់ទៅចូលរួមជាមួយក្លឹប Marseille ក្នុងការផ្ទេរជាអចិន្ត្រៃយ៍។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​ការ​សម្រេច​ចិត្ត​មួយនោះ?

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថា របបថ្មីដែលដឹកនាំដោយ INEOS នៅក្លឹប United បានធ្វើការពិនិត្យឡើងវិញ នៅការសម្រេចចិត្តរបស់លោក Arnold និងបានពិនិត្យមើលថាតើការវិលត្រឡប់របស់ Greenwood អាចធ្វើទៅបានដែរឬទេ។ ទីបំផុតពួកគេចាត់ទុកថាមាតិសាធារណៈបានធ្វើការប្រឆាំងនិងការវិលត្រលប់របស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ហើយវានឹងក្លាយជាការរំខានសម្រាប់ក្រុមទៀតផង។ ប្រភពដដែលបានអោយបន្ថែមទៀតថាពួកគេត្រូវការប្រមូលសាច់ប្រាក់ ដើម្បីអាចចុះហត្ថលេខាយកកីឡាករថ្មីផងដែរ និងដើម្បីធ្វើអោយស្របតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ផងដែរ។

កីឡាករ Greenwood ដែលបានលេងខ្ចីជើងពេញមួយរដូវកាលនៅក្លឹប Getafe កាលពីរដូវកាលមុន ហើយក៏មានព័ត៌មានផ្សារភ្ជាប់ជាមួយនឹងក្លឹប Lazio, Barcelona និងក្លឹបជាច្រើនទៀត ត្រូវបានរាយការណ៍ថាមិនចាប់អារម្មណ៍ក្នុងការវិលត្រលប់មកកាន់ Old Trafford វិញនោះទេ។ ហើយក៏ត្រូវបានបញ្ជាក់ថាគាត់មិនពេញចិត្តចំពោះសកម្មភាពដែលត្រុវបានធ្វើដាក់គាត់ អំឡុងពេលដំណើរការវិន័យផ្ទៃក្នុងរបស់ពួកគេ។ គាត់មិនបានលេងឱ្យក្រុម Premier League ចាប់តាំងពីខែមករាឆ្នាំ២០២២ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួនដំបូងដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភបំពាន និងបង្ខិតបង្ខំ និងការគ្រប់គ្រងអាកប្បកិរិយា ដែលបន្ទាប់មកត្រូវបានទម្លាក់នៅខែកុម្ភៈ ឆ្នាំ២០២៣។

កីឡាករ Greenwood ដែលទទួលការរិះគន់មួយចំនួនពីអ្នកគាំទ្រ Marseille បន្ទាប់ពីការផ្ទេររបស់គាត់ទៅក្រុម Ligue 1 អាចលេងឱ្យក្រុមបារាំងក្នុងការប្រកួតមិត្តភាពមុនរដូវកាលទល់នឹង SC Toulon នៅថ្ងៃពុធ៕