ខ្សែប្រយុទ្ធរូបនេះបានបង្ហើបឱ្យដឹង មុនពេលចាប់ផ្ដើមការប្រកួតថា Euro ២០២៤ នឹងជាការបង្ហាញខ្លួនចុងក្រោយរបស់គេក្នុងក្រុមជម្រើសជាតិ។ ជាអកុសល ការប្រកួតចុងក្រោយរបស់ខ្សែប្រយុទ្ធជើងចាស់សម្រាប់ជម្រើសជាតិបារាំងបានបញ្ចប់ដោយការបរាជ័យជាមួយនឹងក្រុមអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានធ្លាក់ចេញពីការប្រកួតដ៏គួរឱ្យសោកស្ដាយ។
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Arsenal និង Chelsea គឺជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបារាំង។ គាត់ក៏ជាកីឡាករម្នាក់ដែលរកគ្រាប់បាល់បានច្រើនជាងគេផងដែរ សម្រាប់បារាំងគឺ ៥៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៧ដង ហើយគាត់ជាកីឡាករទី៣ ដែលបង្ហាញខ្លួនបានច្រើនបន្ទាប់ពី Hugo Lloris និង Lillian Thuram ។
កីឡាករវ័យ ៣៧ឆ្នាំបានបង្ហោះសារនៅក្នុងបណ្តាញសង្គម Instagram របស់ខ្លួនថា៖ “ទំព័រមួយនេះកំពុងតែប្តូរហើយ….. ខ្ញុំកំពុងហោះហើរទៅរកការផ្សងព្រេងមួយទៀត។ ចាប់ពីពេលនេះ ខ្ញុំនឹងក្លាយជាអ្នកគាំទ្រ។ ក្រុមជម្រើសជាតិបារាំង ដែលខ្ញុំបានលេងអោយអស់រយៈពេល ១៣ឆ្នាំ នឹងនៅតែដក់ជាប់ក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត វាជាមោទនភាពមួយរបស់ខ្ញុំ និងជាការចងចាំដ៏ល្អបំផុតរបស់ខ្ញុំ”។
អតីតខ្សែប្រយុទ្ធរបស់ AC Milan បានចូលរួមជាមួយក្រុម LAFC របស់ MLS នៅរដូវក្តៅនេះ ដោយមិនគិតថ្លៃ។ កីឡាករត្រូវបានគេរំពឹងថានឹងឈប់សម្រាកមួយរយៈមុនពេលបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់គាត់៕