តម្លៃខ្លួនរបស់ Branthwaite ត្រូវបានក្លឹប Everton ទម្លាយឲ្យ Man Utd ដឹង

0

ក្លឹប Man United ជឿជាក់ថាកីឡាករ Branthwaite គឺជាដំណោះស្រាយបញ្ហានៅក្នុងតំបន់ការពាររកណ្តាល និងឆ្វេងរបស់ខ្លួន។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានការសប្បាយរីករាយក្នុងរដូវកាលដ៏ល្អជាមួយនឹងក្លឹប​ Everton ហើយត្រូវបានចាត់ទុកថាជាតារាឆ្នើមម្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ Echo បានអោយដឹងថាក្លឹប United អាចនឹងផ្ទេរយកគាត់បាននៅមុនដំណាច់ខែនេះ។

ក្លឹប Everton កំណត់តម្លៃរបស់កីឡាករ Branthwaite ដូចទៅនឹងតម្លៃរបស់កីឡាករ Josko Gvardiol និង Wesley Fofana ។ ដោយក្លឹប Manchester City បានចំណាយប្រាក់ ៧៧លានផោន ដើម្បីអាចផ្ទេរយកកីឡាករ Gvardiol ខណៈដែលក្លឹប Chelsea បានចំណាយប្រាក់ ៧៥លានផោនលើកីឡាករ Fofana ។ ដូច្នេះក្លឹប United អាចរំពឹងថានឹងត្រូវចំណាយប្រមាណ ៧៥លានផោនសម្រាប់ផ្ទេរយកកីឡាករ Brantwaite ។

ទោះបីជាមានបញ្ហាផ្នែកហិរញ្ញវត្ថុលើក្លឹប Everton ក៏ដោយ ក៏ពួកគេមិនប្រញាប់ប្រញាល់ក្នុងការលក់ខ្សែការពារដែលមានទេពកោសល្យរបស់ពួកគេម្នាក់នេះដែរ។ ក្លឹប Everton បានធ្វើការកំណត់តម្លៃបំបែកកំណត់ត្រាសម្រាប់កីឡាករ Branthwait ហើយក៏មានឆន្ទៈក្នុងការអនុញ្ញាតអោយកីឡាករផ្សេងទៀតនៅក្នុងក្រុមចាកចេញផងដែរ។ ខណៈកីឡាករ Amadou Onana ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Arsenal ហើយការលក់កីឡាករទាំងនេះអាចនឹងជួយកាត់បន្ថយនៅបញ្ហាហរិញ្ញវត្ថុរបស់ក្លឹប Everton។

ទោះជា Branthwaite ត្រូវបានលក់ក្នុងតម្លៃណាក៏ដោយក្លឹប Carlisle United នៅ League One ក៏បានទទួលអត្ថប្រយោជន៍ផងដែរ។ ខណៈក្លឹបបានលក់ខ្សែការពាររូបនេះមកកាន់ក្លឹប Everton ក្នុងតម្លៃ ១លានផោន ជាមួយនឹងលក្ខខណ្ឌលក់នាពេលអនាគត ១៥ភាគរយនៃប្រាក់ចំណេញដែលទទួលបានពីការលក់ខ្សែការពាររូបនេះ។

បន្ទាប់ពីត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជើងឯកអឺរ៉ុប កីឡាករ Branthwaite នឹងត្រូវចាំមើលវិញ ខណៈដែលមិត្តរួមក្រុមអង់គ្លេសរបស់គាត់ត្រូវប៉ះជាមួយស៊ែប៊ីក្នុងការប្រកួតដំបូងនៃការប្រកួតរបស់ពួកគេនៅថ្ងៃទី១៦ ខែមិថុនា៕