បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Galatasaray ក៏ដោយក៏កីឡាករ Christian Eriksen នឹងបន្តស្នាក់នៅជាមួយក្លឹប Manchester United ដដែរ រហូតដល់ទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។
កីឡាករ Eriksen ដែលបានមកចូលរួមជាមួយនឹងក្លឹប United ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០២២ នៅតែពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គាត់នៅក្លឹប ហើយប្តេជ្ញារួមចំណែកចូលរួមក្នុងយុទ្ធនាការដែលកំពុងបន្តរបស់ពួកគេជាមួយក្លឹប។

ការចង់បានកីឡាករ Eriksen ពីសំណាក់ក្លឹប Galatasary ដោយសារតែពួកគេចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ខណៈទីផ្សារដោះដូររបស់ទួរគីនៅមិនទាន់បិទនៅឡើយ។ ដោយសារតែពេលវេលារបស់កីឡាករ Eriksen នៅក្លឹប United ហាក់មានកំណត់នៅក្នុងរដូវកាលនេះ បានធ្វើអោយគាត់ក្លាយជាគោលដៅរបស់ក្លឹបនៅទួរគី ប៉ុន្តែនៅពេលនេះគាត់នៅតែផ្តោតលើភារកិច្ចរបស់ខ្លួនជាមួយក្លឹប United ដដែរ៕