បរទេស៖ លោក Jurgen Klopp សម្រេចចិត្តកោះហៅកីឡាករ Carvalho ត្រលប់ពីការលេងខ្ចីជើងនៅក្លឹប Leipzig មកវិញ។ ទោះបីជាយ៉ាងណាក៏ដោយបុរសសញ្ជាតិអាឡឺម៉ង់រូបនេះ នៅតែមានបំណង់ចង់ដាក់អោយគាត់ខ្ចីជើងទៅកាន់ក្លឹបផ្សេងទៀត ប៉ុន្តែត្រូវមានការធានានៅពេលវេលាលេងសម្រាប់យុវជនអាយុក្រោម ២១ឆ្នាំរបស់ជម្រើសព័រទុយហ្គាល់រូបនេះ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Wolves បានធ្វើការទំនាក់ទំនងមកកាន់ក្លឹប Liverpool ដោយមានសំណើរអំពីភាពដែលអាចទៅរួចក្នុងការខ្ចីជើងកីឡាករ Carvalho រហូតដល់ចុងរដូវកាល។ បន្ថែមពីនេះទៀតក្លឹបនៅ Championship ក៏មានចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាបរូបនេះ និងបានបញ្ចុះបញ្ចូលក្លឹបហង្សក្រហមទៅលើការផ្ទេរមួយនេះដូចគ្នា។
កីឡាករ Carvalho បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់បានតែម្តងគត់ និងប្តូរចូលក្នុងនាមជាកីឡាករបម្រុងចំនួន ៨ដង សម្រាប់ក្លឹប Leipzig នៅអាឡឺម៉ង់ និងបានលេង ៦ដងនៅព្រឹត្តិការណ៍ផ្សេងទៀត ដែលសរុបទៅលេងបានប្រហែល ៣៦០នាទី សម្រាប់រយៈពេលជិត ៤ខែនេះ។ ក្នុងនោះ គាត់អាចនឹងត្រូវវិលត្រលប់ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញ គឺក្លឹប Fulham ដើម្បីធ្វើការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន។
ខាងក្លឹប Liverpool និងកីឡាករ នឹងធ្វើការសម្រេចចិត្តឆាប់ៗ ថាក្លឹបជាជម្រើសដល់ល្អសម្រាប់ Carvalho៕