ក្លឹបយក្សនៅបារាំង នៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Bruno Guimaraes

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹបយក្សនៅបារាំងបានចាប់ទុកខ្សែបម្រើសញ្ជាតិប្រេស៊ីលជាគោលដៅសម្រាប់ការផ្ទេរនាខែមករានេះ ប៉ុន្តែវាហាក់មិនងាយនោះទេសម្រាប់ការចុះហត្ថលេខាមួយនេះ។ កីឡាករវ័យ ២៦ឆ្នាំរូប ត្រូវបានក្លឹប Newcastle ចាប់ទុកជាកីឡាករដ៏មានតម្លៃម្នាក់ ហើយក៏បានចុះហត្ថលេខាទៅលើកុងត្រាថ្មីដែលមានសុពលភាពដល់ឆ្នាំ២០២៨។ ក្លឹប PSG ត្រូវតែហ៊ានចំណាយនៅប្រាក់សម្រាប់បង់ផ្តាច់កុងត្រារបស់កីឡាករ ដែលក្លឹប Newcastle ទើបតែដាក់បញ្ចូលទៅកុងកុងត្រាថ្មី ហើយតម្លៃនោះត្រូវបានគេរំពឹងថាប្រមាណ ១០០លានផោន។

Bruno Guimaraes Newcastle 2023-24

បញ្ហាមួយទៀតដែលអាចរារាំងក្តីសង្ឃឹមរបស់ PSG ក្នុងការទទួលបានកិច្ចព្រមព្រៀងមួយនេះ គឺការប្រជែងគ្នារវាងម្ចាស់ភាគហ៊ុនកាតា និងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ដែលបានកាន់កាប់ក្លឹប Newcastle ក្នុងឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានគេនិយាយថាមានភាពប្រសើរឡើង ចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា។

Bruno Guimaraes Newcastle AC Milan 2023-24 Champions League

កត្តាមួយទៀតដែលអាចជួយអោយការផ្ទេររបស់ក្លឹប PSG អាចទៅរួច គឺជាទំនាក់ទំនងរបស់ពួកគេជាមួយភ្នាក់ងាររបស់កីឡាករ Bruno Guimaraes គឺលោក Giuliano Bertulucci ។ ថ្មីៗនេះគាត់បានធ្វើជំនួញជាមួយក្លឹប PSG រួចហើយ ដោយឃើញអតិថិជនរបស់គាត់ គឺលោក Lucas Beraldo និងខ្សែបម្រើ Gabriel Moscardo បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំង។

ក្លឹប Newcastle បានចុះហត្ថលេខាយកកីឡាករ Bruno Guimaraes ពីក្លឹប Lyon កាលពីខែមករា ឆ្នាំ២០២២ បន្ទាប់ពីកីឡាករបានបង្ហាញនៅទម្រង់លេងយ៉ាងល្អចំនួន ២ឆ្នាំនៅក្លឹបបារាំងមួយនេះ។ គាត់ជាកីឡាករសំខាន់ម្នាក់សម្រាប់ក្រុមលោក Eddie Howe ដោយបានបង្ហាញខ្លួន ២៨ដងសម្រាប់ក្លឹបនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់នារដូវកាលនេះ និងស៊ុតបញ្ចូលទីបាន ១គ្រាប់ផងដែរ។

Bruno Guimaraes Scott McTominay Newcastle Man Utd 2023-24

ខ្សែបម្រើរូបនេះនឹងត្រូវជួយក្លឹប Newcastle ពេលដែលប៉ះជាមួយនឹងក្លឹប Sunderland នៅក្នុងជំនួបជុំទី៣ ពានរង្វាន់ FA Cup នាថ្ងៃសៅរ៍នេះ។ ក្លឹប PSG អាចនឹងរកវិធីក្នុងការបញ្ចុះបញ្ចូលគាត់អោយវិលត្រលប់មកកាន់ Legue 1 វិញ ដោយធ្វើការចូលទៅពិភាក្សាជាមួយនឹងក្លឹបមានមូលដ្ឋាននៅ St James Park៕